|

ឯកឧត្តម ហ៊ុន ម៉ានី៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់របស់បងប្អូនប្រជាពលរដ្ឋ


នាថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តមហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងជំនួបជាមួយបងប្អូនប្រជាពលរដ្ឋស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ចជាបន្តបន្ទាប់របស់បងប្អូនប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារជូនប្រជាពលរដ្ឋមួយផ្នែកធំ។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាល បានផ្ដល់ការយកចិត្តទុកដាក់លើជីវភាពបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសកម្មករ កម្មការនី ដោយផ្សារភ្ជាប់ទៅនឹងអត្ថប្រយោជន៍ជាច្រើនដែលបងប្អូនទទួលបាន។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនធានាថា អត្ថប្រយោជន៍ទាំងនេះ នឹងនៅតែរក្សា និងមានតែកើនឡើង ដោយមិនបាត់បង់ឬថយចុះនោះទេ ប្រសិនបើគណបក្សប្រជាជនកម្ពុជា នៅតែបន្តកាន់អំណាច។

សូមជម្រាបថា នេះជាថ្ងៃទី២ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលយុទ្ធនាការនេះ នឹងបន្តរហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ មុននឹងឈានដល់ថ្ងៃបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕