កម្ពុជា🇰🇭ជាប់ឈ្មោះក្នុងបញ្ជី «ប្រទេសល្អបំផុតទាំង ២០ លើពិភពលោកឆ្នាំ២០២៦» របស់ទស្សនាវដ្តីទេសចរណ៍អន្តរជាតិ Condé Nast Traveller


ភ្នំពេញ៖ ជាមោទនភាព កម្ពុជាជាប់ឈ្មោះក្នុងបញ្ជី «ប្រទេសល្អបំផុតទាំង២០លើពិភពលោក» ប្រចាំឆ្នាំ២០២៦ របស់ទស្សនាវដ្តីទេសចរណ៍អន្តរជាតិ Condé Nast Traveller ដោយស្ថិតនៅចំណាត់ថ្នាក់លេខ១៦ ក្នុងចំណោមប្រទេសទាំង២០ ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោតរបស់អ្នកអានទស្សនាវដ្តី។

យោងតាមលទ្ធផល Condé Nast Traveller Readers’ Choice Awards 2026 ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ បង្ហាញថាប្រទេសកម្ពុជា គឺជាប្រទេសអាស៊ីមួយក្នុងចំណោម៧ប្រទេស ដែលមានឈ្មោះក្នុងបញ្ជីកំពូលទាំង២០ រួមមាន ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម កម្ពុជា ឥណ្ឌា និងកាតា។ ការរៀបចំណាត់ថ្នាក់នេះ គឺផ្អែកលើការបោះឆ្នោតរបស់អ្នកអានទស្សនាវដ្តី Condé Nast Traveller នៅចក្រភពអង់គ្លេស ដោយឆ្លុះបញ្ចាំងពីបទពិសោធន៍ និងចំណូលចិត្តរបស់អ្នកធ្វើដំណើរ មិនមែនជាការវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យអព្យាក្រឹតសម្រាប់ប្រទេស «ល្អបំផុត» ជាសកលនោះទេ។

សូមបញ្ជាក់សារជាថ្មី ក្នុងចំណោមប្រទេសទាំង២០ អឺរ៉ុបមានចំនួន ៨ ប្រទេស រួមមាន ក្រិក អ៊ីតាលី តួកគី ក្រូអាត ព័រទុយហ្គាល់ អេស្ប៉ាញ ន័រវែស និងបារាំង។ សម្រាប់តំបន់អាស៊ី មានប្រទេសចំនួន៧ រួមមាន ជប៉ុន ឥណ្ឌូណេស៊ី ថៃ វៀតណាម កម្ពុជា ឥណ្ឌា និងកាតា។

ពិសេសសម្រាប់ឆ្នាំ២០២៦ ប្រទេសក្រិកទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងបញ្ជីឈ្មោះប្រទេសទាំង២០ ខណៈជប៉ុនជាប់លេខ២ និងអ៊ីតាលីជាប់លេខ៣ ។ ចំណែកកម្ពុជា ស្ថិតនៅលេខរៀងទី១៦ បន្ទាប់ពីប្រទេសនូវែលសេឡង់ និងមុនប្រទេសឥណ្ឌា ដែលស្ថិតនៅលេខ១៧។

យ៉ាងណាមិញបញ្ជីសម្រាប់ឆ្នាំ២០២៦នេះ មានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ បើធៀបនឹងឆ្នាំ២០២៥ ដោយប្រទេសពាក់កណ្តាលក្នុងចំណោមប្រទេសកំពូលទាំង២០ គឺជាប្រទេសដែលទើបចូលក្នុងបញ្ជីនៅក្នុងឆ្នាំនេះ។ ក្នុងនោះ ប្រទេសក្រិកបានឡើងពីលេខ៨ មកលេខ១ ដែលជាមោទនភាពគួរឱ្យសរសើរ ខណៈក្រូអាតបានកើនពីលេខ១៥ មកលេខ៥។

នេះជាលទ្ធផលដ៏គួរឱ្យមានមោទនភាពបំផុតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីចំនួន៧ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកធ្វើដំណើរអន្តរជាតិជុំវិញពិភពលោក ទៅលើសម្រស់ទេសចរណ៍កម្ពុជា ដែលមិនត្រឹមតែភាពអស្ចារ្យនៃប្រសាទអង្គរវត្តទេ ប៉ុន្តែរួមបញ្ចូលនូវការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា នាំឱ្យប្រែក្លាយជាប្រទេសកំពុងអភិវឌ្ឍដ៏មានសក្តានុពលមួយ និងត្រូវបានរាប់បញ្ចូលក្នុងបញ្ជីប្រទេសកំពូលទាំង២០ របស់ទស្សនាវដ្តីទេសចរណ៍អន្តរជាតិ Condé Nast Traveller សម្រាប់ឆ្នាំ២០២៦នេះ។

ប្រភព៖ GQ India, condé nast traveller