រយៈពេល ៨ខែដំបូងឆ្នាំ២០២៦នេះ! ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមសម្រេចបានប្រមាណ ៨,៦៧ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៣% បើធៀបនឹងឆ្នាំមុន
លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាសមាជិកគណៈប្រតិភូ បានអញ្ជើញអម ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១នៃព្រឹទ្ធសភានិងជាប្រធានគណៈប្រតិភូជាន់ខ្ពស់សភា កម្ពុជាក្នុងជំនួបទ្វេភាគីជាមួយឯកឧត្តម Dien Nguyen អនុប្រធានសភាសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ក្នុងកិច្ចប្រជុំមហាសន្និបាតIPU លើកទី១៥៣ នៅទីក្រុងអារូសា សាធារណរដ្ឋតង់ហ្សានី។
គួរជម្រាបថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម បាននិងកំពុងបន្តកើនឡើងជាលំដាប់ ដោយសារតែកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងច្រកទ្វារព្រំដែនកាន់តែល្អប្រសើរ។ ទំហំពាណិជ្ជកម្មឆ្នាំ ២០២៥ សម្រេចបានប្រមាណ ១១,៣៣ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងប្រមាណ ១១,៧% បើធៀបនឹងឆ្នាំ២០២៤។ ចំណែក៨ ខែដំបូងឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មសម្រេចបានទឹកប្រាក់ប្រមាណ ៨,៦៧ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨,៣% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥។




គោលដៅអនាគត រដ្ឋាភិបាលនៃប្រទេសទាំងពីរបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងខិតខំជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ឬកំណត់គោលដៅឆ្ពោះទៅរក ២០ ពាន់លានដុល្លារអាមេរិក តាមរយៈការពង្រឹងការតភ្ជាប់ផ្លូវល្បឿនលឿន កិច្ចព្រមព្រៀងដឹកជញ្ជូនតាមដងផ្លូវ និងការបើកច្រកទ្វារព្រំដែនអន្តរជាតិបន្ថែមទៀត។
សូមបញ្ជាក់ថា ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជាទៅវៀតណាមរួមមាន ផលិតផលកសិកម្ម (ដូចជា គ្រាប់ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្រូវ និងពោត) ចំណែកឯវៀតណាមនាំចេញមកកម្ពុជាវិញភាគច្រើនជា ដែកថែប ផលិតផលប្រេងឥន្ធនៈ សម្ភារសំណង់ គ្រឿងអេឡិចត្រូនិក និងទំនិញបរិក្ខារផ្សេងៗ៕
ប្រភព៖ National Assembly of Cambodia
















