អ្នកនយោបាយបក្សប្រឆាំងសិង្ហបុរី Lim Tean ត្រូវបានតុលាការផ្តន្ទាទោសបន្ថែម ក្រោយលួចរត់គេចខ្លួនទៅប្រទេសម៉ាឡេសុី


សិង្ហបុរី៖ មេធាវី និងជាអ្នកនយោបាយបក្សប្រឆាំងសិង្ហបុរី លោក លីម ធាន (Lim Tean) បានប្រឈមមុខនឹងបទចោទប្រកាន់ថ្មីនៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ នេះក្នុងការបង្ហាញខ្លួននៅតុលាការព្រហ្មទណ្ឌជាលើកដំបូង បន្ទាប់ពីបានរត់គេចខ្លួនទៅប្រទេសម៉ាឡេស៊ី។

លោក លីម ធាន អាយុ៦១ឆ្នាំ បានចូលរួមសវនាការសារជាថ្មីតាមរយៈប្រព័ន្ធវីដេអូ ដើម្បីទទួលការចោទប្រកាន់ថ្មី ខណៈព័ត៌មានលម្អិតអំពីបទចោទទាំងនេះ មិនទាន់ត្រូវបានបញ្ជាក់នៅឡើយ។ សូមបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២៤ លោក លីម ធាន ត្រូវបានតុលាការផ្តន្ទាទោសពីបទប្រកបវិជ្ជាជីវៈជាមេធាវីដោយគ្មានច្បាប់អនុញ្ញាត។ ក្នុងអំឡុងពេលនោះ លោកបានចូលរួមសវនាការតំណាងឱ្យកូនក្តី និងរៀបចំឯកសារពាក់ព័ន្ធនឹងនីតិវិធីតុលាការ ទោះបីជាគ្មានវិញ្ញាបនបត្រអនុញ្ញាតក៏ដោយ។

នៅខែកុម្ភៈ ឆ្នាំ២០២៥ តុលាការថ្នាក់ដំបូងបានសម្រេចផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគាររយៈពេល៦សប្តាហ៍ និងពិន័យជាប្រាក់ចំនួន ១.០០០ដុល្លារសិង្ហបុរី។ បន្ទាប់មក នៅខែកុម្ភៈ ឆ្នាំ២០២៦ តុលាការជាន់ខ្ពស់បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោកប្រឆាំងនឹងការផ្តន្ទាទោស និងទោសដែលបានកំណត់ ព្រមទាំងបានទទួលយកបណ្តឹងឧទ្ធរណ៍របស់ភាគីអយ្យការ ដោយបង្កើនទោសជាប់ពន្ធនាគារដល់រយៈពេល៣ខែ និង១សប្តាហ៍។

សូមបញ្ជាក់ថា លោក លីម ធាន ជាស្ថាបនិកគណបក្ស Peoples Voice និងជាអគ្គលេខាធិការនៃគណបក្ស People’s Alliance for Reform ត្រូវបានកំណត់ឱ្យចូលខ្លួនប្រគល់ខ្លួននៅតុលាការរដ្ឋ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ដើម្បីចាប់ផ្តើមអនុវត្តទោសពន្ធនាគារ។ ប៉ុន្តែ លោកមិនបានចូលខ្លួនតាមការកំណត់នោះទេ ហើយបានចាកចេញពីប្រទេសសិង្ហបុរី ខណៈកំពុងស្ថិតក្រោមការធានាឱ្យនៅក្រៅឃុំ។ ជាលទ្ធផល ដីកាចាប់ខ្លួនលោកត្រូវបានចេញនៅថ្ងៃដដែល។

ដោយឡែក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោកត្រូវបានប៉ូលិសម៉ាឡេស៊ីចាប់ខ្លួននៅទីក្រុងចូហូរបារូ (Johor Bahru) មុនពេលប្រគល់ខ្លួនទៅឱ្យកងកម្លាំងប៉ូលិសសិង្ហបុរី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។ ពាក់ព័ន្ធនឹងការចោទប្រកាន់ថាបានរត់គេចខ្លួន អ្នកធានាឱ្យលោកនៅក្រៅឃុំ គឺលោក Leong Sze Hian ដែលជាអ្នកសរសេរអំពីបញ្ហាសង្គម និងនយោបាយ ត្រូវបានតុលាការបង្គាប់ឱ្យបង់ប្រាក់ធានាចំនួន ៤៥.០០០ដុល្លារសិង្ហបុរី ចូលក្នុងថវិការដ្ឋ។ ចាប់តាំងពីពេលនោះមក លោក លីម ធាន បានចាប់ផ្តើមអនុវត្តទោសជាប់ពន្ធនាគាររបស់ខ្លួនរួចហើយ។

ក្រៅពីនេះ លោកត្រូវបានប្រកាសក្ស័យធនកាលពីខែមេសា ឆ្នាំ២០២៦ និងត្រូវបានពិន័យជាប្រាក់ចំនួន ៣០.០០០ដុល្លារសិង្ហបុរី ពាក់ព័ន្ធនឹងការដោះស្រាយប្រាក់របស់អតីតកូនក្តីម្នាក់ ក្នុងសំណុំរឿងវិន័យវិជ្ជាជីវៈមេធាវី។ លោកក៏នៅមានបទចោទព្រហ្មទណ្ឌមួយចំនួនទៀតដែលមិនទាន់ដោះស្រាយនៅឡើយ។

ជាមួយគ្នានេះ បុរសពីរនាក់ផ្សេងទៀត ក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការជួយបើកផ្លូវឱ្យលោក លីម ធាន ចាកចេញពីប្រទេសសិង្ហបុរីដោយខុសច្បាប់ផងដែរ។ អ្នកទាំងពីររួមមាន លោក Sulaiman Muhammad Firdaus អាយុ៣៨ឆ្នាំ និងលោក Mohammad Adam Abd Karim អាយុ៤៥ឆ្នាំ ដែលម្នាក់ៗប្រឈមមុខនឹងបទចោទមួយករណីពីបទសមគំនិតប្រព្រឹត្តអំពើដែលអាចរារាំងដល់ដំណើរការយុត្តិធម៌ ដោយដឹងថាអំពើនោះទំនងជាអាចរារាំងដល់ដំណើរការយុត្តិធម៌។ សំណុំរឿងរបស់បុរសទាំងពីរនាក់ក៏កំពុងស្ថិតក្នុងដំណើរការតុលាការផងដែរ ហើយអ្នកទាំងពីរត្រូវបានកំណត់ឱ្យចូលខ្លួននៅតុលាការជាថ្មី នៅថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦។

ប្រភព៖ CNA