ចិន-កូរ៉េខាងជើង សង្ឃឹមថាស្ពានថ្មីភ្ជាប់ប្រទេសទាំងពីរ នឹងបើកដំណើរការឆាប់ៗ ក្រោយពន្យារពេលអស់ ១២ឆ្នាំ !


ប្រទេសចិន៖ ប្រជាជនរស់នៅទីក្រុងដាន់តុង (Dandong) ភាគឦសានប្រទេសចិន កំពុងរង់ចាំការបើកដំណើរការស្ពានថ្មីឆ្លងទន្លេយ៉ាលូ (Yalu River) ដែលតភ្ជាប់ទីក្រុងនេះទៅកាន់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីគម្រោងនេះត្រូវបានពន្យារពេលអស់រយៈពេលប្រមាណ១២ឆ្នាំ។

តាមសេចក្តីរាយការណ៍របស់ Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ អ្នកស្រុកមួយចំនួនបានប្រមូលផ្តុំគ្នានៅក្បែរស្ពានថ្មី ដើម្បីមើលទង់ជាតិកូរ៉េខាងជើងដែលបក់នៅត្រើយម្ខាង ខណៈរំពឹងថា ស្ពាននេះអាចនឹងបើកដំណើរការនាពេលឆាប់ៗខាងមុខ។

ស្ពានថ្មីនេះ ត្រូវបានប្រទេសចិនសាងសង់រួចរាល់តាំងពីឆ្នាំ២០១៤ ក្នុងគោលបំណងជំរុញពាណិជ្ជកម្មជាមួយកូរ៉េខាងជើង ប៉ុន្តែដោយសារផ្នែកខាងកូរ៉េខាងជើង មិនត្រូវបានបញ្ចប់ផ្លូវតភ្ជាប់ និងទីតាំងគយឡើយ ជាហេតុធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង រួមទាំងការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិថែមទៀត។

សូមបញ្ជាក់ថា ការងារសាងសង់ស្ពាននេះ បានចាប់ផ្តើមឡើងវិញសារជាថ្មីបន្ទាប់ពីទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងព្យុងយ៉ាងមានភាពប្រសើរឡើង។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងកាលពីខែមិថុនា ឆ្នាំ២០២៦ ហើយប្រទេសទាំងពីរក៏បានស្តារឡើងវិញនូវសេវារថភ្លើង និងជើងហោះហើរត្រង់ផងដែរ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ភាគីទាំងពីរមិនទាន់កំណត់កាលបរិច្ឆេទផ្លូវការសម្រាប់បើកស្ពានថ្មីនេះនៅឡើយទេ។

ការបើកស្ពានថ្មីត្រូវបានប្រជាជនរំពឹងថា អាចជាសញ្ញាបង្ហាញពីការរីកចម្រើនបន្ថែមទៀតក្នុងទំនាក់ទំនងរវាងចិន និងកូរ៉េខាងជើង។ ស្ពាននេះក៏នឹងក្លាយជាច្រកផ្លូវដ៏សំខាន់មួយសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

យ៉ាងណាមិញបច្ចុប្បន្ន ទំនិញភាគច្រើននៅតែឆ្លងកាត់ស្ពានចាស់មួយ ដែលស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រពីស្ពានថ្មី។ ស្ពានចាស់នេះមានផ្លូវរថភ្លើង និងផ្លូវសម្រាប់រថយន្តតែមួយគន្លងប៉ុណ្ណោះ ហើយនៅតែជាច្រកព្រំដែនដែលមមាញឹកបំផុតមួយក្នុងចំណោមច្រកឆ្លងកាត់ប្រមាណ១៥កន្លែង តាមបណ្តោយព្រំដែនចិន-កូរ៉េខាងជើងប្រវែងប្រមាណ១,៣៥០គីឡូម៉ែត្រ។

ទិន្នន័យបង្ហាញថា ការស្តារទំនាក់ទំនងពាណិជ្ជកម្មបានជួយឱ្យការនាំចេញរបស់ចិនទៅកូរ៉េខាងជើងកើនឡើងដល់ប្រមាណ ២,៣ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល៦ឆ្នាំ និងកើនឡើង២៥% បើធៀបនឹងឆ្នាំមុន ប៉ុន្តែនៅតែទាបជាងកម្រិតមុនការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។

ប្រភព៖ Reuters