កម្ពុជាស្នើឲ្យ UN ដើរតួនាទីកាន់តែសកម្ម ដើម្បីដោះស្រាយឲ្យពលរដ្ឋភៀសសឹកកម្ពុជា ដោយសារសង្គ្រាមឈ្លានពានថៃ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញ


ភ្នំពេញ៖ កម្ពុជាបានអំពាវនាវឱ្យអង្គការសហប្រជាជាតិដើរតួនាទីកាន់តែសកម្ម និងប្រកបដោយស្ថាបនា ក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយសមស្រប សំដៅធានាឱ្យពលរដ្ឋភៀសសឹកកម្ពុជាជាង ២០.០០០នាក់ ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងស្របតាមច្បាប់អន្តរជាតិ។

ការអំពាវនាវនេះ ត្រូវបានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចុះថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ ស្តីពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងសម័យប្រជុំទៀងទាត់លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

ក្នុងកិច្ចសន្ទនាអន្តរកម្មជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការចូលរួមប្រកបដោយស្ថាបនា និងបន្តកិច្ចសហប្រតិបត្តិការស្របតាមអាណត្តិការងាររបស់អ្នករាយការណ៍ពិសេស ព្រមទាំងបានសង្កត់ធ្ងន់លើផលប៉ះពាល់ជាបន្ទាន់ផ្នែកសិទ្ធិមនុស្ស ដែលបណ្តាលមកពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ជាមួយគ្នានេះ កម្ពុជាក៏បានអំពាវនាវឲ្យមានការអនុវត្ត ពេញលេញ និងដោយស្មោះត្រង់នូវសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាំងស្រុង ហើយក៏បាន សម្តែងការគាំទ្រយ៉ាងមុតមាំចំពោះការអំពាវនាវរបស់អ្នករាយការណ៍ពិសេស ស្នើឲ្យ កម្ពុជា និងថៃសម្របសម្រួលដល់ការវិលត្រឡប់របស់ជនស៊ីវិលភៀសសឹកកម្ពុជា ទៅលំនៅឋាន របស់ពួកគេវិញ។

ជាការបញ្ជាក់ឡើងវិញ កម្ពុជាបានបង្ហាញការប្តេជ្ញាចិត្ត ក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយស្ថាបនាជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងដៃគូអន្តរជាតិ ដើម្បីលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការពហុភាគី និងការគោរពសិទ្ធិមនុស្ស ស្របតាមច្បាប់អន្តរជាតិ។

ប្រភព៖ Permanent Mission of the Kingdom of Cambodia to the United Nations