ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញរាប់បាត្រនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ
នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នជាតិនានា តំណាងអង្គទូត សិស្ស និស្សិត ព្រមទាំងប្រជាជនកម្ពុជាដ៏ច្រើនកុះករដែលជាពុទ្ធសាសនិក បានអញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជា រាប់បាត្រនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញឮ ខេត្តកណ្ដាល។

ក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូសេចក្ដីជ្រះថ្លា និងបានលើកឡើងថា «ពុទ្ធសាសនិកជនជាច្រើនបានមកប្រជុំគ្នា មិនថានៅទីនេះ ឬនៅទីអារាមនានាទូទាំងប្រទេស រៀបចំនូវគ្រឿងសក្ការបូជា មានទៀនធូប និងផ្កាជាដើម ។ ខ្ញុំព្រះអង្គទាំងឡាយ សូមថ្វាយនូវគ្រឿងសក្ការបូជាទាំងនេះ ចំពោះព្រះសម្មាសម្ពុទ្ធ ព្រមទាំងព្រះធម៌ និងព្រះអរិយសង្ឃ រតនត្រ័យទាំងបី ដោយសេចក្តីគោរព។



បពិត្រព្រះសក្យមុនីបរមគ្រូ ព្រះអង្គជាបូជារហបុគ្គល របស់ទេវតា និងមនុស្សក្នុងលោក ឥតមានបុគ្គលណាមួយ ស្មើព្រះអង្គឡើយ ទោះបីព្រះអង្គទ្រង់ចូលកាន់បរិនិព្វានបាត់ព្រះរូបព្រះកាយ អស់កាលជាយូរអង្វែង ទៅហើយក៏ពិតមែន ប៉ុន្តែទ្រង់ បានប្រតិស្ឋានព្រះវិសុទ្ធោវាទ គឺព្រះធម៌វិន័យ ដ៏បរិសុទ្ធវិសេស ទុកជាតំណាងព្រះអង្គ ទាំងព្រះគុណរបស់ព្រះអង្គ ក៏នៅមានប្រាកដ ទាំងព្រះមរមសារីរិកធាតុ និងព្រះពុទ្ធរូបស្នងព្រះអង្គ ក៏នៅមានប្រាកដដែល។



សូមព្រះដ៏មានបុណ្យ ជាបរមសាស្តា ទ្រង់ព្រះមេត្តាប្រោស ទទួលនូវគ្រឿងសក្ការបូជា របស់យើងខ្ញុំព្រះអង្គទាំងឡាយ ដែលបានរៀបចំថ្វាយក្នុងទីនេះ ដើម្បីជាផលានិសង្ឃ ឱ្យខ្ញុំព្រះអង្គទាំងឡាយ បានប្រកបដោយឥដ្ឋមនុញ្ញផល សុភមង្គលវិបុលសុខ និងសេចក្តីចម្រើន ដ៏ធំទូលាយ អស់កាលជាអង្វែងតរៀងទៅ។»