ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជូនដំណើរកីឡាករ កីឡាការនីខ្មែរ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមនាពេលខាងមុខ
ឯកឧត្តម ហ៊ុន ម៉ានី បានទទួលសេចក្ដីទុកចិត្ត ធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាប៉ារ៉ាហ្គេមលើកទី១១ នៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៦ សីហា ឆ្នាំ២០២២ខាងមុខនេះ។
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1658814652161.jpg)
នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមប្រធាន បានជូនដំណើរគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការនីកម្ពុជា ជាង១៥០នាក់ ធ្វើដំណើរទៅប្រទេសឥណ្ឌូនេស៊ី សម្រាប់ព្រឹត្តិការណ៍កីឡា ពហុកីឡាប្រចាំឆ្នាំ ដែលមានអត្តពលិកចំនួន ១,៦៤៨នាក់ មកពី១១ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ (កម្ពុជា វៀតណាម ឡាវ ថៃ សិង្ហបុរី ម៉ាឡេស៊ី ប្រ៊ុយណេ មីយ៉ាន់ម៉ា ហ្វីលីពីន ទីម័រខាងកើត និងឥណ្ឌូនេស៊ី)។
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1658814637158.jpg)
សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានលើកឡើងអំពីព្រឹត្តិការណ៍កីឡាដ៏ធំនេះថា «រាល់ការចេញទៅប្រកួត យើងមិនមែនមានតែកីឡាករ កីឡាការនីនោះទេ គឺមានសម្ដេចដែលជាប្រធានកីឡាប៉ារ៉ាឡាំពិកកម្ពុជា និងមានប្រជាជនខ្មែរប្រមាណ១៧លាននាក់ទៀត ដែលនឹងចូលរួមប្រកួតជាស្មារតី ហើយដែលតែងតែនៅជាមួយគ្នា ដើម្បីលើកទឹកចិត្តកីឡាករ កីឡាការនីខ្មែរគ្រប់ៗរូប»។
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1658814640698.jpg)
គួរបញ្ជាក់ផងដែរថា កីឡាករកីឡាការនីកម្ពុជា បានត្រៀមលក្ខណៈរួចជាស្រេចទាំងការហ្វឹកហាត់សមត្ថភាព និងសុខភាពផងដែរ។ ជាក់ស្ដែង កីឡាករ កីឡាការនី រួមទាំងគណៈប្រតិភូកម្ពុជាទាំងអស់បានចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដូសជំរុញកាលពីថ្ងៃទី១៥ កក្កដា កន្លងទៅ ដោយសុខភាពគឺជាកត្តាសំខាន់ ដើម្បីធានាបាននូវជ័យជម្នះជូនជាតិមាតុភូមិ
![](https://media.brandbodia.com/wp-content/uploads/2022/07/FB_IMG_1658814659614.jpg)
ដោយ៖ ផាត់ គឹមឆែ
ប្រភព៖ Hun many, IWBF, Cambodia 2023