គ្រោះរញ្ជួយដីកម្រិត ៧ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ ប្រទេសចិន បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់បានស្លាប់ និងខូចខាតផ្ទះរាប់រយខ្នង


គ្រោះរញ្ជួយដីកម្រិត ៧ រ៉ិចទ័រ បានវាយប្រហារតំបន់ទីបេ ភាគខាងជើងប្រទេសចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ បណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់ស្លាប់ ៥៤នាក់រងរបួស និងផ្ទះសម្បែងរាប់រយខ្នងដួលរលំ នៅក្នុងទីក្រុង Nagqu។ នេះបើយោងតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ប្រទេសចិន។

ការិយាល័យព័ត៌មានទីក្រុង Nagqu បានឱ្យដឹងថា ផ្ទះសម្បែងយ៉ាងហោចណាស់ ៣៣៩ខ្នង និងរោងសម្រាប់ចិញ្ចឹមសត្វចំនួន ២០កន្លែង បានដួលរលំដោយសារគ្រោះរញ្ជួយដីនេះ ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះកំពុងបន្ត។ អាជ្ញាធរបានដាក់ពង្រាយកម្លាំងជាង ១ ៦០០នាក់ មកពីមូលដ្ឋានក្នុងតំបន់ ដើម្បីចូលរួមប្រតិបត្តិការជួយសង្គ្រោះ។

ជាមួយគ្នានេះ សម្ភារៈសង្គ្រោះបន្ទាន់ រួមមានផ្ទះស្នាក់នៅបណ្ដោះអាសន្នដែលផលិតរួចចំនួន ១ ០០០ខ្នង តង់ប្រហែល ៣ ០០០តង់ គ្រែបត់ ភ្លើងពិល និងសម្លៀកបំពាក់រដូវរងា ត្រូវបានដឹកជញ្ជូនទៅកាន់តំបន់រងគ្រោះ ដើម្បីជួយសម្រួលដល់ការស្នាក់នៅ និងការរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

យោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រអាម៉េរិក (USGS) គ្រោះរញ្ជួយដីនេះបានកើតឡើងនៅម៉ោង ១០ និង៣៣នាទីយប់ ម៉ោងក្នុងតំបន់ ដោយមានចំណុចកណ្ដាលស្ថិតនៅចម្ងាយប្រហែល ១៩១គីឡូម៉ែត្រ ភាគខាងកើត-ឦសាននៃទីក្រុង Nagqu និងមានជម្រៅប្រហែល ១៨គីឡូម៉ែត្រក្រោមផ្ទៃដី។ ជាមួយគ្នានេះ ទីភ្នាក់ងារ USGS ក៏បានកត់ត្រាគ្រោះរញ្ជួយដីបន្ទាប់យ៉ាងហោចណាស់ ៧លើក ដែលមានកម្រិតចន្លោះពី ៤,៣ ដល់ ៥,២ រ៉ិចទ័រ និងមានជម្រៅប្រហែល ១០គីឡូម៉ែត្រ។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួ បានរាយការណ៍នៅថ្ងៃសុក្រនេះថា ទំនាក់ទំនងនៅតំបន់មួយចំនួនបានរងការរំខាន ខណៈអាជ្ញាធរផ្លូវដែកក្នុងតំបន់បានចាត់វិធានការបន្ទាន់ ដោយផ្អាកចរាចរណ៍ផ្លូវរថភ្លើងដែលឆ្លងកាត់តំបន់រងគ្រោះនេះ។

ក្រៅពីនេះ គ្រោះរញ្ជួយដីបានបង្កឱ្យមានការធ្លាក់ថ្មពីតំបន់ភ្នំយ៉ាងសន្ធាប់ ដែលនាំឱ្យអាជ្ញាធរត្រូវសម្រេចចិត្តបិទផ្នែកមួយនៃផ្លូវជាតិលេខ ៣១៧។ ការធ្វើចរាចរណ៍ត្រូវបានអនុញ្ញាតសម្រាប់តែយានយន្តសង្គ្រោះបន្ទាន់ ក្រុមជួយសង្គ្រោះ និងយានយន្តដឹកជញ្ជូនជំនួយរដ្ឋតែប៉ុណ្ណោះ ខណៈក្រុមការងារកំពុងបោសសម្អាតកម្ទេចថ្ម និងសម្ភារៈដែលបង្កការរាំងស្ទះផ្លូវ។
ស៊ីនហួបានបញ្ជាក់ថា តំបន់រងគ្រោះអាចនឹងមានព្រិលធ្លាក់ម្ដងម្កាលក្នុងរយៈពេលបីថ្ងៃបន្ទាប់ ដែលអាចបង្កការលំបាកបន្ថែមទៀតដល់ប្រតិបត្តិការជួយសង្គ្រោះ និងការផ្គត់ផ្គង់សម្ភារៈចាំបាច់ដល់ប្រជាពលរដ្ឋ។

ទូរទស្សន៍ជាតិចិន CCTV បានចាត់ទុកគ្រោះរញ្ជួយដីនេះ ថា ជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតនៅក្នុងតំបន់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ថា ទីក្រុង Nagqu ស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Lhasa ដែលជារដ្ឋធានីនៃតំបន់ទីបេ។

ប្រភព៖ AP