កម្ពុជា អំពាវនាវឱ្យវិនិយោគិនអន្តរជាតិចាប់យកឱកាសវិនិយោគ តាមបណ្តោយព្រែកជីកហ្វូណនតេជោ
រដ្ឋធានីប៉េកាំង៖ នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវដែលបានរៀបចំឡើងដោយ Export–Import Bank of China និងជាព្រឹត្តិការណ៍អមផ្លូវការនៃសន្និសីទប្រចាំឆ្នាំស្តីពី Financial Street Forum ឆ្នាំ២០២៦ ក្នុងគោលបំណងចែករំលែក និងផ្លាស់ប្តូរទស្សនទានពាក់ព័ន្ធនឹងអនាគតនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។




ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនអំពីទស្សនវិស័យយុទ្ធសាស្ត្ររបស់កម្ពុជាលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព, និងការបើកចំហកិច្ចសហប្រតិបត្តិការវិនិយោគក្រោមឆ័ត្រនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ភាពបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមិនត្រឹមតែជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឹះយ៉ាងរឹងមាំនៃការអភិវឌ្ឍសហសម័យកម្ពុជា ដោយហេតុថា កិច្ចសហប្រតិបត្តិការដែលផ្អែកលើគោលការណ៍ឈ្នះ-ឈ្នះគឺជាមធ្យោបាយតែមួយគត់ក្នុងការកសាងភាពដៃគូក្នុងក្របខ័ណ្ឌរយៈពេលវែង។
ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណចំពោះ Export–Import Bank of China ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសហប្រតិបត្តិការដែលមានទំហំទឹកប្រាក់ជិត១ប៊ីលានដុល្លារអាម៉េរិកសម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅក្រុង Xiamen ខេត្ត Fujian។
គម្រោងព្រែកជីកប្រវត្តិសាស្ត្រនេះនឹងក្លាយជាកម្លាំងចលករក្នុងការផ្លាស់ប្តូរមុខមាត់ប្រព័ន្ធភស្តុភារកម្មជាតិ ដោយរំពឹងថានឹងជួយកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូន, លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធធនធានទឹក, បង្កើនផលវារីវប្បកម្ម, និងបង្កើតទៅជាច្រករបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីចូលរួមចំណែកក្នុងការឈានឆ្ពោះសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
ជាមួយគ្នានោះ ឯកឧត្តមបានអញ្ជើញវិនិយោគិនអន្តរជាតិដែលមានវត្តមាននាឱកាសនេះធ្វើការសិក្សាសមិទ្ធិលទ្ធភាព និងចាប់យកកាលានុវត្តភាពវិនិយោគនៅតាមបណ្តោយព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមអនុវត្តគម្រោងដូចមានពិពណ៌នាក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងអាទិភាពចំនួន១៧៤គម្រោង ជាមួយនឹងតម្រូវការទុនវិនិយោគប្រមាណ៣៦,៦ប៊ីលានដុល្លារអាមេរិក។
ប្រភព៖ គណៈកម្មាធិការវិនិយោគកម្ពុជា
















