រញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ និងភាគពាយ័ព្យនេប៉ាល់ ក្នុងថ្ងៃតែមួយ!
ទីបេ៖ រញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ បានកើតឡើងនៅតំបន់ទីបេ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។ នៅថ្ងៃដដែល ក៏មានការរាយការណ៍ថា រញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ មួយផ្សេងទៀត ក៏បានវាយប្រហារស្រុក Mustang នៅភាគពាយ័ព្យប្រទេសនេប៉ាល់។ នេះយោងតាមមជ្ឈមណ្ឌលសង្កេតការណ៍រញ្ជួយដីអឺរ៉ុប-មេឌីទែរ៉ាណេ (EMSC)។

មជ្ឈមណ្ឌលត្រួតពិនិត្យ និងស្រាវជ្រាវរញ្ជួយដីជាតិរបស់នេប៉ាល់ បានឱ្យដឹងថា ចំណុចកណ្តាលរញ្ជួយដីស្ថិតនៅតំបន់ Lomanthang ក្នុងស្រុក Mustang ចម្ងាយប្រមាណ ៣៧៥គីឡូម៉ែត្រ ភាគពាយ័ព្យពីទីក្រុងកាថ្មាន់ឌូ។
រញ្ជួយដីនៅនេប៉ាល់ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៩៖៥៣នាទីយប់ ហើយការរញ្ជួយត្រូវបានគេរាយការណ៍ថា អាចរញ្ជួយដល់ស្រុកជិតខាង រួមមាន Manang, Dolp និង Myagdi។
រហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់រាយការណ៍ពីការខូចខាតទ្រព្យសម្បត្តិ ឬការបាត់បង់ជីវិតដែលបណ្តាលពីរញ្ជួយដីនៅតំបន់ Mustang នោះទេ។
សូមបញ្ជាក់ថា រញ្ជួយដីកម្រិត ៥.៣ រ៉ិចទ័រ បានកើតឡើងទាំងនៅតំបន់ទីបេ និងភាគពាយ័ព្យនេប៉ាល់ក្នុងថ្ងៃតែមួយ ខណៈអាជ្ញាធរនៅតាមតំបន់ពាក់ព័ន្ធកំពុងតាមដានស្ថានភាព និងផលប៉ះពាល់ដែលអាចកើតមានបន្ថែម។
ប្រភព៖ The Hindu















