លោក Putin បញ្ជាក់ជំហរចរចាបញ្ចប់សង្គ្រាមអ៊ុយក្រែន ប៉ុន្តែនៅតែចាត់ទុកតំបន់កាត់ផ្តាច់ក្នុងប្រទេសនេះជា «ទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ី»


ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការវិលត្រឡប់មកកាន់តុចរចាសន្តិភាពជាមួយអ៊ុយក្រែន ដែលមានសហរដ្ឋអាម៉េរិកជាអ្នកសម្របសម្រួលនៅខែក្រោយ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាត្រូវតែផ្តោតលើការធានាសន្តិសុខយូរអង្វែង និងរចនាសម្ព័ន្ធសន្តិសុខទូទាំងទ្វីបអឺរ៉ុប ជាជាងត្រឹមការឈប់បាញ់គ្នាបណ្តោះអាសន្ន។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋរុស្ស៊ី មួយថ្ងៃបន្ទាប់ពីបានជួបភាក្សាការងារជាមួយបេសកជនពិសេសសហរដ្ឋអាម៉េរិក លោក Steve Witkoff លោក Putin បានបញ្ជាក់ថា គោលដៅនៃកិច្ចចរចាគឺដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពស្ថាពរដែលធានាសន្តិសុខឱ្យទាំងអ៊ុយក្រែន និងរុស្ស៊ី។ យ៉ាងណាមិញ ឆ្លើយតបនឹងបញ្ហាដែនដីនៅតំបន់ដុនបាស (Donbas) ភាគខាងកើតអ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៊ីនៅតែប្រកាន់ជំហររឹងប៉ឹង ដោយលើកឡើងថា តំបន់នោះគឺជា «ទឹកដីប្រវត្តិសាស្ត្ររបស់រុស្ស៊ី» ហើយប្រជាជននៅទីនោះបានបោះឆ្នោតរួមរស់ជាមួយរុស្ស៊ីរួចរាល់ហើយ។

ដោយឡែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានជួបប្រជុំជាមួយបេសកជនអាម៉េរិក លោក Witkoff នៅប្រទេសន័រវែស កាលពីថ្ងៃអង្គារ ក៏បានសម្តែងភាពត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចចរចានៅដើមខែក្រោយផងដែរ។ លោក Zelenskiy បានគូសបញ្ជាក់ថា អ៊ុយក្រែនគាំទ្ររាល់សំណើទាំងឡាយណាដែលឆ្ពោះទៅរកការឈប់បាញ់ ការបញ្ចប់សង្គ្រាម និងគំនិតផ្តួចផ្តើមផ្នែកមនុស្សធម៌ ប៉ុន្តែក្រុងកៀវនៅតែបដិសេធដាច់ខាតចំពោះការប្រគល់ដែនដីឱ្យទៅរុស្ស៊ី។

ប្រភព៖ Reuters