បារាំង បញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រមរតកនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្នុងឱកាសខួប ៣៥ឆ្នាំ!
(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់យ៉ាងពេញលេញចំពោះគោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី ៣៥ឆ្នាំមុន ដោយចាត់ទុកគោលការណ៍ទាំងនេះថា នៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយស្ថិរភាព ចីរភាព និងការគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។


តាមរយៈសារដែលបានផ្សព្វផ្សាយដោយ ស្ថានទូតបារាំងប្រចាំកម្ពុជា បានលើកឡើងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី ៣៥ឆ្នាំមុន បានបិទបញ្ចប់ជម្លោះដែលអូសបន្លាយអស់ជាច្រើនទសវត្សរ៍ និងបើកផ្លូវឱ្យប្រទេសកម្ពុជាវិលត្រឡប់មករកសន្តិភាព ព្រមទាំងចាប់ផ្តើមដំណើរការកសាងប្រទេសឡើងវិញ។
ស្ថានទូតបានបញ្ជាក់ថា ប្រទេសបារាំងបានធ្វើជាម្ចាស់ផ្ទះ និងសហប្រធានសន្និសីទជាមួយប្រទេសឥណ្ឌូនេស៊ី ដែលឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្ត្រនេះ។ បារាំងក៏បានបញ្ជាក់ពីការបន្តគាំទ្រមរតកនៃគោលការណ៍នានានៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ដែលចារឹកក្នុងរដ្ឋធម្មនុញនៃប្រទេសកម្ពុជា។ គោលការណ៍ទាំងនេះនៅតែជាតម្លៃសំខាន់សម្រាប់ការអភិវឌ្ឍប្រកប ដោយស្ថិរភាព ចីរភាព និងដែលគោរពសិទ្ធិ និងសេរីភាពជាមូលដ្ឋាន។
ដោយឡែក ស្ថានទូតបារាំងប្រចាំកម្ពុជា ក៏បានបញ្ជាក់ដែរថា ចាប់តាំងពីពេលនោះមក កម្ពុជា និងបារាំងបានកសាងភាពជាដៃគូដែលផ្អែកលើចំណងមិត្តភាព និងភាពស្និទ្ធស្នាលជាប្រវត្តិសាស្ត្រ ព្រមទាំងមានទិសដៅឆ្ពោះទៅកាន់អនាគត។
ប្រភព៖ Embassy of France in Cambodia)។
















