អាសន្នព្យុះទីហ្វុង Champi! កោះតៃវ៉ាន់ ប្រកាសបិទដំណើរការស្ទើរទាំងស្រុង ខណៈជើងហោះហើរជិត ១,០០០ ត្រូវបានលុបចោល
សាលារៀន ទីផ្សារហិរញ្ញវត្ថុ និងគ្រឹះស្ថាននានានៅលើកោះតៃវ៉ាន់ ត្រូវបានប្រកាសបិទដំណើរការស្ទើរតែទាំងស្រុងនៅថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងការមកដល់នៃព្យុះទីហ្វុង Champi ដែលត្រូវបានព្យាករណ៍ថា នឹងនាំមកនូវខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងកំហុក។




យោងតាមការបញ្ជាក់ពីភ្នាក់ងារឧតុនិយមកណ្តាលតៃវ៉ាន់ (CWA) ព្យុះទីហ្វុង Champi ដែលធ្លាប់ជាមហាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុតមួយក្នុងតំបន់ប៉ាស៊ីហ្វិកប្រចាំឆ្នាំនេះ នៅតែរក្សាកម្លាំងខ្យល់បក់រហូតដល់ ១៩១ គីឡូម៉ែត្រក្នុងមួយម៉ោងនៅជិតផ្ចិតព្យុះ ដោយមានកាំរង្វង់គ្របដណ្តប់ធំរហូតដល់ ៣២០ គីឡូម៉ែត្រ។ គិតត្រឹមថ្ងៃសុក្រនេះ ព្យុះនេះស្ថិតនៅចម្ងាយប្រមាណ ៣២០ គីឡូម៉ែត្រ ភាគកើតនៃចុងខាងត្បូងកោះតៃវ៉ាន់ ហើយបន្តរំកិលទៅជិតភាគឥសាននៃកោះ មុននឹងបត់ទៅទិសខាងជើងឆ្ពោះទៅឆ្នេរសមុទ្រចិន និងប្រទេសជប៉ុន។
របាយការណ៍អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មនុស្សម្នាក់បានបាត់បង់ជីវិត និង ៩៤នាក់បានរងរបួស ខណៈដែលប្រជាពលរដ្ឋជិត ១,៣០០នាក់ត្រូវបានជម្លៀសចេញពីតំបន់ជួរភ្នំ។ ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូនតៃវ៉ាន់បានប្រកាសលុបចោលជើងហោះហើរក្នុងស្រុកទាំងស្រុងចំនួន ២៦២ជើង និងជើងហោះហើរអន្តរជាតិចំនួន ៦៦៩ជើងបន្ថែមទៀត។
អាជ្ញាធរនៅតាមបណ្តាខេត្តជាប់ឆ្នេរសមុទ្រ ជាពិសេសខេត្ត អ៊ីឡាន (Yilan) បានត្រៀមលក្ខណៈជួយសង្គ្រោះជាស្រេច ដោយរួមមានការចែកបាវខ្សាច់ ការដាក់ពង្រាយយានយន្តជើងគោក-ជើងទឹក និងកងទ័ព ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋក្នុងករណីមានទឹកជំនន់ភ្លាមៗ ខណៈដែលតំបន់ភ្នំភាគខាងជើងជុំវិញក្រុងតៃប៉ិត្រូវបានព្យាករណ៍ថា នឹងមានកម្រិតទឹកភ្លៀងធ្លាក់ចុះរហូតដល់ជិត ១ម៉ែត្រ។
ប្រភព៖ Reuters












