កម្ពុជា បើកវេទិកាកសិកម្ម CAFE26 ជំរុញការវិនិយោគ នវានុវត្តន៍ និងការកែច្នៃកសិ-ស្បៀងអាហារឆ្ពោះទៅទីផ្សារអន្តរជាតិ


ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ កម្មវិធីនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ ដោយមានវាទគ្មិនជំនាញផ្នែកកសិកម្ម និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប ចូលរួមចែករំលែកបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗ ក្នុងគោលបំណង លើកស្ទួយ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ឱ្យកាន់តែរីកចម្រើននៅកម្ពុជា។

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 មានស្ដង់ប្រមាណជា ៤០០ ដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មាន​ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និង​ផលិតផលផ្សេងៗជាច្រើនទៀត ព្រមទាំងមានដាក់តាំងបង្ហាញផលិតផលកសិកម្ម គ្រឿងយន្តកសិកម្ម បច្ចេកវិទ្យាដ្រូន បច្ចេកវិទ្យាឌីជីថល ធាតុចូលកសិកម្ម បច្ចេកវិទ្យាកែច្នៃ និងវេចខ្ចប់ជាដើម។ វេទិកានេះ មានអ្នកចូលរួមទស្សនាប្រមាណ ២ម៉ឺន៥ពាន់នាក់ និងកសិករជាង២ពាន់នាក់។

សូមបញ្ជាក់ថាវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការកែច្នៃផលិតផលកសិ-ស្បៀងអាហារ ក៏ដូចជាការជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិកម្មនៅកម្ពុជា ព្រមទាំងបង្កើតឱកាស និងកៀរគរទុនវិនិយោគថ្មីៗលើវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃ ដើម្បីពង្រីកទីផ្សារសម្រាប់កសិផល និងផលិតផលកសិ-ស្បៀងអាហាររបស់កម្ពុជាទាំងក្នុង និងក្រៅប្រទេស។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ