កម្ពុជាបដិសេធយ៉ាងដាច់អហង្កាចំពោះភាគីថៃដែលចោទថា កម្ពុជាបានយកទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា


(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានចេញសេចក្តីថ្លែងការណ៍បដិសេធយ៉ាងម៉ឺងម៉ាត់ និងដាច់អហង្ការចំពោះការចោទប្រកាន់ជាបន្តបន្ទាប់របស់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ទីតាំងប្រាសាទបុរាណសម្រាប់គោលបំណងយោធា ដោយចាត់ទុកការចោទប្រកាន់ទាំងនេះថា គ្មានមូលដ្ឋាន បំភ្លៃការពិត និងបង្វែរការយកចិត្តទុកដាក់ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដែលកងកម្លាំងប្រដាប់អាវុធថៃបានបង្កឡើងចំពោះបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

តាមរយៈសេចក្តីថ្លែងការណ៍ ក្រសួងបានបញ្ជាក់ជាថ្មីថា ប្រាសាទបុរាណ និងទីតាំងបុរាណវិទ្យា គឺជាសម្បត្តិវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ ដែលមានតួនាទីសម្រាប់ការគោរពបូជាសាសនា ការអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ មិនមែនជាមូលដ្ឋានយោធាឡើយ។ ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការការពារបេតិកភណ្ឌវប្បធម៌របស់ខ្លួន ស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះ កម្ពុជាតវ៉ាដាច់អហង្ការចំពោះវត្តមានរបស់កងកម្លាំងយោធាថៃ និងសកម្មភាពឯកតោភាគីនានាដែលអាជ្ញាធរថៃបានអនុវត្តនៅប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងប្រាសាទខ្នារ ព្រមទាំងទីតាំងបុរាណវិទ្យាផ្សេងទៀតរបស់កម្ពុជាតាមបណ្តោយព្រំដែនកម្ពុជា–ថៃ ដោយគ្មានការអនុញ្ញាតពីកម្ពុជា។

សកម្មភាពទាំងនោះ រួមមាន ការបោសសម្អាតមីន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអគ្គិសនី គម្រោងជួសជុល និងស្តារឡើងវិញ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលប៉ះពាល់ដល់ទីតាំងបេតិកភណ្ឌវប្បធម៌ទាំងនេះ។ ក្រសួងវប្បធម៌ បានគូសបញ្ជាក់ថា សកម្មភាពបែបនេះបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការមិនគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ហើយអាចបង្កជាឧបសគ្គដល់ដំណើរការដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ដោយសន្តិវិធី។

លើសពីនេះ កម្ពុជាថែមទាំងបានរំឭកអំពីការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបានកើតឡើងចំពោះប្រាសាទព្រះវិហារ និងទីតាំងបេតិកភណ្ឌវប្បធម៌ផ្សេងទៀតរបស់កម្ពុជា ក្នុងអំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ ក្រសួងបានបញ្ជាក់ថា ការបំផ្លិចបំផ្លាញបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងមិនអាចជំនួសបាន ហើយដែលការខូចខាតត្រូវបានកត់ត្រាទុកជាឯកសារយ៉ាងច្បាស់លាស់ បានបង្ហាញពីភាពចាំបាច់ក្នុងការបញ្ឈប់ការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ ធានាឱ្យមានការទទួលខុសត្រូវចំពោះទង្វើដែលបង្កការខូចខាត និងគោរពយ៉ាងពេញលេញនូវអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌។

ដោយឡែក ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រសួងវប្បធម៌ ក៏បានអំពាវនាវឱ្យអាជ្ញាធរថៃបញ្ឈប់ការចោទប្រកាន់ដដែលៗដែលគ្មានមូលដ្ឋាន និងបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅតាមទីតាំងបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ព្រមទាំងងាកមកដោះស្រាយបញ្ហាដែលនៅសេសសល់តាមមធ្យោបាយសន្តិវិធី និងយន្តការទ្វេភាគីដែលបានបង្កើតឡើង ជាពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC)។