ឯកឧត្តម សុខ លូ បង្ហាញចក្ខុវិស័យប្រែក្លាយក្រុងបាត់ដំបង ទៅជាទីក្រុងស្អាត ឆ្លាតវៃ បៃតង និងអាចដើរបាន ដើម្បីទាក់ទាញភ្ញៀវទេសចរ
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តមបណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ហ្រ្វាំង ដ្យាត់ ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចាប់ផ្ដើមការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាម សំណល់រឹងនៅក្រុងបាត់ដំបង និងពិធីប្រគល់សម្ភាៈពាក់ព័ន្ធ ដែលពិធីនេះធ្វើឡើងនៅសាលាក្រុងបាត់ដំបង នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦។




ទន្ទឹមនោះ ឯកឧត្តម សុខ លូ បានណែនាំដល់អាជ្ញាធរត្រូវខិតខំពន្យល់ប្រជាពលរដ្ឋពីការទុកដាក់ និងញែកសំរាមឱ្យបានត្រឹមត្រូវ ព្រមទាំងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានទៀងទាត់។ ជាមួយគ្នានោះ ឯកឧត្តម បង្ហាញចក្ខុវិស័យរៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងស្អាត ឆ្លាតវៃ បៃតង និងអាចដើរបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។
ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រធានក្រុមការងារអាស៊ានទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) ដែលបានផ្ដល់ជំនួយជារថយន្តដឹកសំរាម និងសម្ភារៈផ្សេងៗបម្រើឱ្យការអនុវត្តគម្រោងសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនៅក្រុងបាត់ដំបង។
ដោយឡែក ឯកឧត្តម ជឿជាក់ថា ការអនុវត្តសាកល្បងប្រព័ន្ធញែកសំរាមសំណល់រឹងនឹងសម្រេចបានជោគជ័យ និងអាចពង្រីកបានទូទាំងក្រុងបាត់ដំបង និងតំបន់ទីប្រជុំជនស្រុកនានានៅពេលអនាគត។
ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង















