កំហឹងប្រជាជនឥណ្ឌូណេស៊ីផ្ទុះឡើងទូទាំងប្រទេស! បាតុករចេញតវ៉ាប្រឆាំងនឹងវិបត្តិភ្លើងព្រៃ និងផ្សែងពុលដែលកំពុងគ្របដណ្តប់អាស៊ីអាគ្នេយ៍
ប្រជាពលរដ្ឋ និងក្រុមនិស្សិតឥណ្ឌូណេស៊ី បានជួបជុំគ្នារៀបចំការតវ៉ាយ៉ាងក្តៅគគុកនៅតាមទីក្រុងធំៗជាច្រើន កាលពីថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ ដើម្បីសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះវិបត្តិភ្លើងព្រៃ និងផ្សែងពុលដ៏ធ្ងន់ធ្ងរ ដែលបានធ្វើឱ្យប្រជាជនរាប់ពាន់នាក់ធ្លាក់ខ្លួនឈឺជាច្រើនសប្តាហ៍ និងបានជះឥទ្ធិពលអាក្រក់គ្របដណ្តប់លើតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។






ការប្រមូលផ្តុំតវ៉ានេះ ត្រូវបានអំពាវនាវឡើងដោយក្រុមនិស្សិត ក្នុងឱកាសគម្រប់ខួប ២ឆ្នាំ នៃអាណត្តិដឹកនាំរបស់ប្រធានាធិបតី Prabowo Subianto ដើមឡើយដើម្បីប្រឆាំងនឹងការដឹកនាំខ្វះប្រសិទ្ធភាព និងអំពើពុករលួយនៅរាជធានីហ្សាការតា ក្រុងបានឌុង និងក្រុងយូហ្យ៉ាការតា ប៉ុន្តែបានប្រែជាកំហឹងយ៉ាងខ្លាំងជុំវិញបរាជ័យនៃការទប់ស្កាត់អគ្គិភ័យឆេះព្រៃ ដែលបានដុតបំផ្លាញផ្ទៃដីយ៉ាងសន្ធឹកសន្ធាប់លើកោះប័រណេអូ (Borneo) និងកោះស៊ូម៉ាត្រា (Sumatra) ចាប់តាំងពីខែកក្កដាមក។
ក្រុមបាតុករបានលើកបដាដែលមានអត្ថន័យធ្ងន់ៗដូចជា «ប្រសិនបើពួកយើងឆេះ អ្នកក៏ត្រូវឆេះជាមួយពួកយើងដែរ!» និង «ខ្ញុំមានសិទ្ធិដកដង្ហើម សូមពន្លត់ភ្លើងឱ្យបានឆាប់រហ័ស»។ ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះបានសម្តែងការអស់សង្ឃឹមយ៉ាងខ្លាំង ដោយសារតែបាត់បង់ប្រាក់ចំណូល ថ្លៃទំនិញកើនឡើង និងបញ្ហាសុខភាពផ្លូវដង្ហើម ខណៈដែលសកម្មជន ៦នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីព្យាយាមចងបដាតវ៉ានៅរង្វង់មូលកណ្តាលក្រុងហ្សាការតា។
យោងតាមអង្គការដានដានភ្លើងព្រៃ Nusantara Atlas បានឱ្យដឹងថា គ្រោះអគ្គិភ័យឆេះព្រៃនៅឥណ្ឌូណេស៊ី បានដុតបំផ្លាញផ្ទៃដីអស់ជាង ១,៩ លានហិកតា ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ នេះ ដែលបានរញ៉េរញ៉ៃដល់កម្រិតបំពុលខ្យល់យ៉ាងធ្ងន់ធ្ងររហូតដល់ទីក្រុងកូឡាឡាំពួរ និងប្រទេសសិង្ហបុរី។ អ្នកនាំពាក្យភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី (BNPB) លោក Berton Panjaitan បានបញ្ជាក់ថា អាជ្ញាធរបានដាក់ពង្រាយកម្លាំងពន្លត់អគ្គិភ័យជាង ៦០ ០០០នាក់ និងយន្តហោះ ៤៩គ្រឿងសម្រាប់ទម្លាក់ទឹក និងបង្កើនភ្លៀង សំដៅគ្រប់គ្រងស្ថានការណ៍នេះឲ្យបានឆាប់បំផុត។
ប្រភព៖ CNA













