ចិន ចោទអាម៉េរិកថារំលោភអធិបតេយ្យភាព ខណៈអាម៉េរិក និងហ្វីលីពីន អះអាងថាជាការធ្វើដំណើរតាមច្បាប់អន្តរជាតិ
កងទ័ពចិនបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ជូនកងកម្លាំងជើងទឹកដើម្បីតាមដាន និងឃ្លាំមើលនាវាចម្បាំងសហរដ្ឋអាម៉េរិកមួយគ្រឿង ដែលបាន «ចូលដោយខុសច្បាប់» ក្នុងដែនទឹកក្បែរតំបន់កោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង ខណៈដែលនៅភាគខាងជើងនៃដែនទឹកនេះ កោះតៃវ៉ាន់ក៏បានរាយការណ៍ពីការប្រឈមមុខដាក់គ្នាជាមួយនាវាចិនផងដែរ។


បញ្ជាការដ្ឋានភូមិភាគខាងត្បូងនៃកងទ័ពប្រជាជនរំដោះចិន បានឱ្យដឹងថា នាវាចម្បាំង USS Charleston របស់សហរដ្ឋអាម៉េរិក បានចូលក្នុងដែនទឹកជាប់តំបន់កោះ Sabina Shoal នៃប្រជុំកោះសប្រាត់លី (Spratly Islands) កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលក្រុងប៉េកាំង។ ចិនបានរិះគន់ថា សកម្មភាពនេះជារំលោភលើសិទ្ធិអធិបតេយ្យ និងផលប្រយោជន៍របស់ចិន ប៉ះពាល់ដល់សន្តិសុខដែនសមុទ្រ និងសន្តិភាពក្នុងតំបន់ ព្រមទាំងទាមទារឱ្យអាម៉េរិកបញ្ឈប់សកម្មភាពបែបនេះជាបន្ទាន់។
ជាការឆ្លើយតប អ្នកនាំពាក្យកងពលធំទី៧ នៃកងទ័ពជើងទឹកអាម៉េរិក បានបញ្ជាក់ថា នាវា USS Charleston គ្រាន់តែបានអនុវត្តប្រតិបត្តិការធម្មតានៅក្នុងដែនទឹកអន្តរជាតិ ដែលស្របទៅតាមច្បាប់អន្តរជាតិតែប៉ុណ្ណោះ ហើយគ្រប់ប្រជាជាតិទាំងអស់មានសេរីភាពក្នុងការនាវាចរណ៍ និងការប្រើប្រាស់ដែនសមុទ្រដោយស្របច្បាប់។ ជាមួយគ្នានេះ អ្នកនាំពាក្យយោធាហ្វីលីពីនបានបន្ថែមថា នាវាអាម៉េរិកមិនបានចូលលុកលុយដែនដីចិននោះទេ ហើយគ្មានប្រទេសណាមួយមានអំណាចទាមទារឱ្យមានការសុំការអនុញ្ញាតជាមុន សម្រាប់ការធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិដោយស្របច្បាប់ឡើយ។
គួរបញ្ជាក់ថា ប្រទេសចិនបានអះអាងទាមទារអធិបតេយ្យភាពស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង ទោះជាមានការទាមទារត្រួតស៊ីគ្នារវាងប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏ដោយ។ តំបន់កោះ Sabina Shoal នេះ បានក្លាយជាចំណុចក្តៅគគុកនៃការប្រឈមមុខដាក់គ្នាយ៉ាងស្រួចស្រាវរវាងកងកម្លាំងឆ្មាំសមុទ្រចិន និងហ្វីលីពីន នាពេលថ្មីៗនេះ។
ប្រភព៖ Reuters
















