លោក Trump ជំរុញឱ្យអ៊ុយក្រែនបញ្ចប់សង្គ្រាម ខណៈបេសកជនពិសេសអាម៉េរិកធ្វើដំណើរទៅជួបប្រធានាធិបតីរុស្ស៊ី


បេសកជនពិសេសសហរដ្ឋអាម៉េរិក លោក Steve Witkoff នឹងធ្វើដំណើរទៅជួបពិភាក្សាការងារជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃពុធនេះ បន្ទាប់ពីបានបញ្ចប់កិច្ចចរចាដ៏មាន «លទ្ធផលវិជ្ជមាន» ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅប្រទេសន័រវែស ស្របពេលដែលប្រធានាធិបតីអាម៉េរិក លោក Donald Trump បានសង្កត់ធ្ងន់ថា ដល់ពេលដែលអ៊ុយក្រែនត្រូវតែបញ្ចប់សង្គ្រាមនេះហើយ។

មន្ត្រីជាន់ខ្ពស់អាម៉េរិកម្នាក់បានឱ្យដឹងថា នៅក្នុងជំនួបនៅក្រុងអូស្លូ ដែលមានការចូលរួមពីថ្នាក់ដឹកនាំន័រវែស ហ្វាំងឡង់ និងតំណាងសហភាពអឺរ៉ុប ព្រមទាំងអង្គការ NATO ភាគីអ៊ុយក្រែនបានដាក់ចេញនូវគំនិត និងសំណើថ្មីៗ ដែលបោះជំហានទៅមុខយ៉ាងសំខាន់ក្នុងការរៀបចំផែនការសន្តិភាពគ្រប់ជ្រុងជ្រោយ រួមមាន ការធានាសន្តិសុខ ការស្តារសេដ្ឋកិច្ចក្រោយសង្គ្រាម និងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប។ លោក Witkoff នឹងយកលទ្ធផលទាំងនេះទៅជជែកជាមួយលោក Putin ក្នុងគោលបំណងបើកផ្លូវឱ្យមានកិច្ចចរចាត្រីភាគីដោយផ្ទាល់ (រុស្ស៊ី អ៊ុយក្រែន និងអាម៉េរិក)។

ស្របពេលជាមួយគ្នានេះ លោកប្រធានាធិបតី Donald Trump បានថ្លែងទៅកាន់អ្នកសារព័ត៌មានដោយជំរុញឱ្យអ៊ុយក្រែនធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ដោយលោកបានលើកឡើងថា រុស្ស៊ីជា «ម៉ាស៊ីនសង្គ្រាមដ៏ធំ» ដែលកំពុងវាយលុកទៅមុខ និងគ្រប់គ្រងបានដែនដីយ៉ាងច្រើន។ លោក Trump បានបន្ថែមថា អ៊ុយក្រែនត្រូវតែមានឆន្ទៈខ្លួនឯងក្នុងការស្វែងរកដំណោះស្រាយសន្តិភាពនេះ។

ទោះបីជាទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងក្រុងគៀវ មានភាពរកាំរកូសនាពេលថ្មីៗនេះក៏ដោយ លោក Zelenskiy បានបញ្ជាក់ថា តាមរយៈជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio អ៊ុយក្រែនបានចាប់ផ្តើមទទួលបានព័ត៌មានផ្តល់សញ្ញាព្រមានជាមុន អំពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីឡើងវិញហើយ។ យ៉ាងណាមិញ អាជ្ញាធរអ៊ុយក្រែននៅតែបន្តប្រឈមមុខនឹងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងបណ្តាញអគ្គិសនីពីសំណាក់កងទ័ពរុស្ស៊ីយ៉ាងធ្ងន់ធ្ងរនៅឡើយ។

ប្រភព៖ Reuters