«កម្ពុជា និងអង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់សន្តិភាព ក្នុងជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន និង ឯកឧត្តម António Guterres នៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ(UNGA80)»
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA80) នៅទីក្រុងញូវយ៉ក ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការសហប្រជាជាតិ។

ក្នុងឱកាសជំនួបនោះ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសរសើរចំពោះកម្ពុជានៅក្នុងនាមជាដៃគូដ៏សំខាន់ និងមានសកម្មភាពជាក់ស្តែងក្នុងការផ្ដល់កងកម្លាំងថែរក្សាសន្តិភាព ក៏ដូចជាការចូលរួមសកម្មក្នុងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលត្រីភាគី។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានគូសបញ្ជាក់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងដំណើរការពហុភាគី។
ទាក់ទងនឹងជម្លោះព្រំដែនកម្ពុជា-ថៃ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបង្ហាញក្តីសង្ឃឹមថា ប្រទេសទាំងពីរ នឹងអាចដោះស្រាយបញ្ហាប្រឈមដោយសន្តិវិធី តាមរយៈសន្ទនា និងការប្តេជ្ញាចិត្តទៅវិញទៅមក។ ឯកឧត្តមបានបញ្ជាក់ថា បានទទួលស្តាប់កង្វល់ពីកម្ពុជា ហើយបានផ្ញើសារទៅកាន់សមភាគីថៃ ដោយមានបំណងឱ្យបានដំណោះស្រាយច្បាស់លាស់ ព្រោះជំលោះនេះប៉ះពាល់ផ្ទាល់ដល់ប្រជាជន។
ក្នុងឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តផ្តាំផ្ញើសំណួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ឡើងវិញថា កម្ពុជាអះអាងជំនឿជាក់លើអង្គការសហប្រជាជាតិ ក្នុងការលើកកម្ពស់ពហុភាគីនិយម សណ្ដាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។
កម្ពុជាបានប្តេជ្ញាចិត្តបន្តចូលរួមយ៉ាងសកម្មក្នុងប្រតិបត្តិការថែរក្សាសន្តិភាព បេសកកម្មណាមួយរបស់អង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចការមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។
នាឱកាសនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ និងបានបញ្ជូនអំណរគុណរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចចូលរួមជួយបន្ថយភាពតានតឹងក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសតាមរយៈសេចក្តីថ្លែងការណ៍វិជ្ជមាន ដែលអំពាវនាវឱ្យភាគីទាំងសងខាងបន្តដោះស្រាយវិវាទដោយសន្តិវិធី។ កម្ពុជាបានស្នើឱ្យ ឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តប្រឹងប្រែងក្នុងការជួយដោះស្រាយកិច្ចការនេះ។
ឯកឧត្តម ប្រាក់ សុខុន បានជម្រាបថា កម្ពុជា មិនប្រើអំណាចទៅបំពានប្រទេសណាមួយទេ ទោះជាប្រទេសតូចជាងកម្ពុជាក៏ដោយ។ ប្រាក់ សុខុន បានបន្ថែមថា “អ្វីដែលកម្ពុជាប៉ងប្រាថ្នា គឺសន្តិភាព ពីព្រោះប្រទេសយើងបានឆ្លងកាត់សង្គ្រាមអស់រយៈពេលបីទសវត្សរ៍ និងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីអំពើប្រល័យពូជសាសន៍។ ដូច្នេះ យើងយល់ច្បាស់ពីផលប៉ះពាល់សង្គ្រាម ហើយនោះហើយជាមូលហេតុ យើងជ្រើសរើសផ្លូវសន្តិភាព ដូចការចូលរួមផ្ញើកងកម្លាំងថែរក្សាសន្តិភាពរបស់កម្ពុជា”។
ដោយឡែកឯកឧត្តម អគ្គលេខាធិការអង្គការសហប្រជាជាតិ បានសូមជូនពរគណៈប្រតិភូកម្ពុជា ឱ្យទទួលបានជោគជ័យក្នុងកិច្ចសន្ទនាជាមួយភាគីថៃ ដើម្បីស្វែងរកដំណោះស្រាយវិជ្ជមានតាមផ្លូវសន្តិភាព។
ប្រភព៖ ក្រសួងព័ត៌មាន

















