ជនជាតិឥណ្ឌូនេស៊ីចំនួន ៣៥៥នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ពាក់ព័ន្ធនឹង Online Scams និងបទល្មើសផ្សេងទៀត


(ភ្នំពេញ)៖ ជនជាតិឥណ្ឌូនេស៊ីសរុបចំនួន ៣៥៥នាក់ ក្នុងនោះមានស្ត្រី ៥៤នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល២ថ្ងៃជាប់គ្នា គឺនៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ តាមរយៈប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។

យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ជនជាតិឥណ្ឌូនេស៊ីចំនួន ១៨០នាក់ ក្នុងនោះមានស្ត្រី ២៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា។ ចំណែកនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ជនជាតិឥណ្ឌូនេស៊ីចំនួន ១៧៥នាក់ ក្នុងនោះមានស្ត្រី ២៥នាក់ ក៏ត្រូវបានបណ្ដេញចេញពីកម្ពុជាផងដែរ។

ប្រភពដដែលបានឱ្យដឹងថា ការបណ្ដេញជនជាតិឥណ្ឌូនេស៊ីទាំងនេះ ត្រូវបានអនុវត្តតាមអនុសាសន៍របស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបណ្ដេញជនបរទេសទាំងនេះចេញពីកម្ពុជា។

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍