បេក្ខជនជាង ១មុឺននាក់ ចូលរួមប្រឡងគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតមធ្យមសិក្សាសម្រាប់ ៣០០០កន្លែង នៅថ្ងៃនេះ!


(ភ្នំពេញ)៖ បេក្ខជនសរុបចំនួន ១១ ៨៤១នាក់ ក្នុងនោះស្ត្រីចំនួន ៧ ២៤០នាក់ និងជនមានពិការភាពចំនួន ៧៣នាក់ បានចូលរួមប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ នៅកម្រិតមធ្យមសិក្សា (វិទ្យាល័យ និងអនុវិទ្យាល័យ) សម្រាប់ចូលបម្រើការងារនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ។

ការប្រឡងប្រជែងនេះ បានប្រព្រឹត្តទៅនៅមណ្ឌលប្រឡងចំនួន៤ រួមមាន៖ សាលាភូមិន្ទរដ្ឋបាល (ERA) ដែលជាទីស្នាក់ការកណ្តាល មាន ២៦បន្ទប់, វិទ្យាស្ថានជាតិអប់រំ (NIE) មាន ៩៦បន្ទប់, សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) មាន ៦៤បន្ទប់ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) មាន ១១៧បន្ទប់។

យោងតាមទិន្នន័យគោលនៃដំណើរការជ្រើសរើសនេះ ការទទួលពាក្យបានចាប់ផ្ដើមនៅថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។ ក្នុងនោះ បេក្ខជនដែលបានដាក់ពាក្យតាមប្រព័ន្ធសម្រាប់កម្រិតវិទ្យាល័យមានចំនួន ១១ ៩០៧នាក់ ខណៈកម្រិតអនុវិទ្យាល័យមានចំនួន ១៤ ០៩៦នាក់។ ក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនមានសិទ្ធិចូលរួមប្រឡងសរុបចំនួន ១១ ៨៤១នាក់ រួមមានបេក្ខជនកម្រិតវិទ្យាល័យ ៦ ៨០០នាក់ និងកម្រិតអនុវិទ្យាល័យ ៥ ០៤១នាក់។

សម្រាប់ការជ្រើសរើស គ្រូបង្រៀនកម្រិតវិទ្យាល័យមានចំនួន ១ ៨០០កន្លែង និងកម្រិតអនុវិទ្យាល័យមានចំនួន ១ ២០០កន្លែង សរុបចំនួន ៣ ០០០កន្លែង លើមុខជំនាញចំនួន៨ រួមមាន អក្សរសាស្ត្រខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ប្រវត្តិវិទ្យា ភាសាអង់គ្លេស និងបច្ចេកវិទ្យាព័ត៌មាននិងទូរគមនាគមន៍។ ក្នុងនោះ បេក្ខជនត្រូវប្រឡងលើវិញ្ញាសាចំនួន៣ ដូចគ្នាទាំងកម្រិតវិទ្យាល័យ និងអនុវិទ្យាល័យ រួមមាន៖ វិញ្ញាសាសរសេរជំនាញឯកទេស វិញ្ញាសាពហុចម្លើយភាសាបរទេស (អង់គ្លេស) វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ និងចំណេះដឹងទូទៅពាក់ព័ន្ធនឹងវិស័យអប់រំ និងក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន។ ការប្រឡងប្រជែងនេះ មានគោលបំណងជ្រើសរើសគ្រូបង្រៀនដែលមានសមត្ថភាព និងលក្ខណសម្បត្តិតាមគោលការណ៍នីតិរដ្ឋ សំដៅលើកកម្ពស់គុណភាពវិស័យអប់រំ និងបំពេញតម្រូវការគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈ។

ទន្ទឹមនឹងនេះ អនុគណៈកម្មការជំនាញផ្សេងៗទៀតដូចជា សន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍ សហការជាមួយកងកម្លាំងមានសមត្ថកិច្ច បានចូលរួមបំពេញភារកិច្ចយ៉ាងសកម្ម នៅបរិវេណមណ្ឌលប្រឡងនានា ដើម្បីការពារដាច់ខាតមិនឱ្យមានបុគ្គលមិនពាក់ព័ន្ធចូលជិត ឬរំខានឡើយ ចំណែកឯអនុគណៈកម្មការសុខាភិបាល ក៏បានដាក់ក្រុមគ្រូពេទ្យប្រចាំការត្រៀមសម្ភារបរិក្ខារពេទ្យ និងរថយន្តសង្គ្រោះបន្ទាន់រួចជាស្រេច ដើម្បីធានាការមើលថែផ្នែកសុខភាពជូនដល់គណៈកម្មការ ក្រុមការងារ និងបេក្ខជនទាំងអស់យ៉ាងយកចិត្តទុកដាក់បំផុត។