សម្ដេចតេជោ ហ៊ុន សែន៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងជាង ១០ពាន់លានដុល្លារអាមេរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដំប្រសងគ្នា
នេះជាការថ្លែងបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ សរុបជាង១ពាន់នាក់។
សម្តេចតេជោបានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងជាង ១០ពាន់លានដុល្លារអាមេរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដំប្រសងគ្នា។
សម្ដេចតេជោរំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ។

សម្តេចតេជោបានបញ្ជាក់ថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹងទទួលបានផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕