ជំងឺ «មេឡូអ៊ីដូស៊ីស» រាលដាលតាមទឹកជំនន់ និងដីសើម នៅប្រទេសថៃ ផ្តាច់ជីវិតមនុស្ស ៤៥នាក់ និងឆ្លងជិត ៦០០នាក់
អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ថា ជំងឺមេឡូអ៊ីដូស៊ីស (Melioidosis) ដែលគេនិយមហៅថា «ជំងឺគ្រុនបង្កឡើងដោយបាក់តេរីក្នុងដី» បានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៥នាក់ស្លាប់ និងមានអ្នកឆ្លងសរុបចំនួន ៥៧០នាក់ នៅក្នុងខេត្តចំនួន៤ នៃតំបន់ភាគឦសានប្រទេសថៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។




លោកវេជ្ជបណ្ឌិត សៃឡាក់ ភីមខូ (Sailaak Phimkho) ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺទី៩ ក្នុងខេត្ត Nakhon Ratchasima បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ថា ខេត្ត Buri Ram មានករណីឆ្លងច្រើនជាងគេ ចំនួន ២៤៥នាក់ និងមានអ្នកស្លាប់ ១២នាក់។ ខេត្ត Surin មានអ្នកឆ្លង ១៣៩នាក់ និងស្លាប់ ១១នាក់ ខេត្ត Nakhon Ratchasima មានអ្នកឆ្លង ១៣៦នាក់ និងស្លាប់ ១៧នាក់ ខណៈខេត្ត Chaiyaphum មានអ្នកឆ្លង ៥០នាក់ និងស្លាប់ ៥នាក់។
តាមការរាយការណ៍ ក្រុមមនុស្សដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ មានចំនួនអ្នកឆ្លងច្រើនជាងគេ បន្ទាប់មកគឺក្រុមអាយុពី ៥៥ដល់៦៤ឆ្នាំ និងពី ៤៥ដល់៥៤ឆ្នាំ។ អាជ្ញាធរសុខាភិបាលបានព្រមានថា ហានិភ័យនៃការឆ្លងជំងឺនេះកើនឡើងក្នុងអំឡុងពេលមានភ្លៀងធ្លាក់យូរថ្ងៃ និងទឹកជំនន់ ដោយសារប្រជាពលរដ្ឋងាយប៉ះពាល់ដោយផ្ទាល់ជាមួយដីសើម ភក់ និងទឹកដែលមានមេរោគ។
ជំងឺមេឡូអ៊ីដូស៊ីស បង្កឡើងដោយបាក់តេរីឈ្មោះ Burkholderia pseudomallei ដែលមាននៅក្នុងដី និងទឹកតាមធម្មជាតិ។ មេរោគអាចចូលទៅក្នុងរាងកាយតាមរយៈស្នាមរបួស ឬស្បែកដែលមានស្នាមប្រេះ តាមរយៈការដកដង្ហើមចូលនូវធូលី ឬដំណក់ទឹកដែលមានមេរោគ ព្រមទាំងការបរិភោគទឹក ឬអាហារដែលកខ្វក់។ ករណីឆ្លងធ្ងន់ធ្ងរអាចបណ្ដាលឱ្យស្លាប់បាន។
ក្នុងស្ថានភាពនេះ កសិករ និងប្រជាពលរដ្ឋដែលចូលរួមសម្អាតផ្ទះសម្បែងក្រោយទឹកជំនន់ស្រក ត្រូវបានអាជ្ញាធរជំរុញឱ្យបង្កើនការប្រុងប្រយ័ត្ន ព្រោះក្រុមមនុស្សទាំងនេះមានហានិភ័យខ្ពស់ក្នុងការប៉ះពាល់ជាមួយដី និងទឹកដែលអាចមានមេរោគ។
អាជ្ញាធរសុខាភិបាល បានណែនាំឱ្យប្រជាពលរដ្ឋជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយដី និងទឹកដែលអាចមានមេរោគតាមដែលអាចធ្វើទៅបាន។ អ្នកដែលត្រូវធ្វើការនៅតាមវាលស្រែ ឬសម្អាតតំបន់ដែលរងទឹកជំនន់ គួរពាក់សម្ភារការពារឱ្យបានត្រឹមត្រូវ ដូចជា ស្បែកជើងកវែងកៅស៊ូ ស្រោមដៃ និងខោជើងវែង ឬសម្លៀកបំពាក់ការពារទឹក។
ជាពិសេស អ្នកដែលមានស្នាមរបួស គួរជៀសវាងការប៉ះពាល់ជាមួយដី និងទឹក រហូតដល់របួសជាសះស្បើយទាំងស្រុង ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺនេះ៕
ប្រភព៖ Khaosod












