សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ថ្លែងក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌា មានសក្តានុពលលើវិស័យជាច្រើន។ ជាក់ស្តែង ទោះបីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើង តែពុំទាន់សមស្របទៅនឹងសក្តានុពលដែលប្រទេសទាំងពីរមាននោះឡើយ ដោយឥណ្ឌាមានប្រជាជនច្រើន និងទីផ្សារធំ ចំណែកកម្ពុជាក៏មានកម្លាំងទិញធំដែរ។ នៅក្នុងបរិបទនេះ សម្តេចបានលើកឡើងជាអនុសាសន៍ឱ្យប្រទេសទាំងពីរ ត្រូវយកចិត្តទុកដាក់ផ្តោតទៅលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីបម្រើជាជន្ទល់ដល់ទំនាក់ទំនងយោបាយ។

ជាមួយគ្នានេះ សម្តេចបានស្នើឱ្យអ្នកវិនិយោគឥណ្ឌា ពិចារណាបោះទុនវិនិយោគលើការកែច្នៃវត្ថុធាតុដើមផលិតផលកសិកម្មរបស់កម្ពុជា ដូចជាដំឡូងមី និងជាពិសេសគ្រាប់ស្វាយចន្ទី ដែលឥណ្ឌា កំពុងដើរតួនាទីជាប្រទេសចែកចាយនៅលើទីផ្សារពិភពលោក ប៉ុន្តែពុំមានការផ្គត់ផ្គង់គ្រប់គ្រាន់។ សម្តេចបានបន្តលើកឡើងថា លក្ខខណ្ឌនេះនឹងធ្វើឱ្យសេដ្ឋកិច្ចរវាងកម្ពុជា និងឥណ្ឌា មានលក្ខណៈបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។
នៅក្នុងក្របខណ្ឌពហុភាគី សម្តេចតេជោបានរំលឹកអំពីការជួយធ្វើចលនាផ្ទាល់របស់សម្តេច ដើម្បីជំរុញឥណ្ឌាឱ្យក្លាយជាដៃគូរបស់អាស៊ាន ដែលការជួយជំរុញនេះគឺសាកសមទៅនឹងគោលនយោបាយ ឬសកម្មភាពងាកមកទិសខាងកើតរបស់ឥណ្ឌាផង ហើយក៏សមស្របទៅនឹងនយោបាយជិតខាងល្អរបស់តំបន់ផងដែរ៕
















