ឯកឧត្តម អុិត សំហេង៖ សម្ដេចតេជោ ហ៊ុន សែន ជាគ្រូដ៏គួរឱ្យគោរពបំផុត និងជានិមិត្តរូបនៃយុវជនជំនាន់មុន


នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម អុិត សំហេង សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈចលនាមហាជន បានអញ្ជើញចែករំលែកបទពិសោធក្នុងបាឋកថាជាស៊េរី «កេរដំណែលរស់៖ គុណតម្លៃ ៧ មករា» ក្រោមប្រធានបទ «ការចូលរួមក្នុងការងារមហាជន ដើម្បីបុព្វហេតុជាតិ និងប្រជាជនក្រោមការដឹកនាំរបស់សម្ដេចតេជោ អគ្គមគ្គុទេសក៍ជាតិដ៏ឆ្នើម» ដែលប្រព្រឹត្តទៅនៅវិមាន ៧ មករា។

ក្នុងនាមជាអ្នកដែលបានឆ្លងកាត់របបប្រល័យពូជសាសន៍ ប៉ុល ពត និងធ្លាប់ជាកម្មកររោងចក្រក្នុងសម័យនោះ ឯកឧត្តម បានឃើញផ្ទាល់នូវទុក្ខវេទនា ការបាត់បង់ និងភាពអយុត្តិធម៌ដែលប្រជាជនខ្មែរបានរងគ្រោះក្រោមគោលនយោបាយ «កម្ចាត់ចាស់ កសាងថ្មី»។ យ៉ាងណាមិញ ក្នុងកាលៈទេសៈដ៏ខ្មៅងងឹតនោះ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិដទៃទៀត បានក្រោកឡើងតស៊ូ ហ៊ានយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកការគាំទ្រក្នុងបុព្វហេតុរំដោះជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នោះ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ប្រទេសជាតិបានចាប់ផ្ដើមស្ដារ និងកសាងឡើងវិញពីបាតដៃទទេ។ ក្នុងដំណាក់កាលនោះ ការជំរុញចលនាមហាជន និងការអនុវត្តចលនាបដិវត្តន៍ទាំងបីរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិ រួមមាន ការវាយខ្មាំង ការបង្កបង្កើនផល និងផលិតកម្ម ព្រមទាំងការកសាងកម្លាំង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋាននៅតាមឃុំ សង្កាត់ និងភូមិ ការពង្រឹងសតិអារម្មណ៍ និងប្រមូលផ្ដុំកម្លាំងប្រជាជនឱ្យចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសជាតិ។ ទន្ទឹមនឹងនេះ ការស្ដារសិទ្ធិសេរីភាព និងការរៀបចំសង្គមឡើងវិញ ក៏បានបង្កើតមូលដ្ឋានសម្រាប់កម្មករ និយោជិត និងប្រជាពលរដ្ឋក្នុងការរស់នៅ និងចូលរួមកសាងប្រទេសជាតិឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។

ផ្អែកលើប្រវត្តិសាស្ត្រនេះ ឯកឧត្តម អុិត សំហេង បានសម្ដែងការគោរពចំពោះការលះបង់ដ៏ធំធេងរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះជាតិ និងប្រជាជន។ សម្រាប់ឯកឧត្តម សម្ដេចតេជោ មិនត្រឹមតែជាថ្នាក់ដឹកនាំដែលមានស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រូដ៏គួរឱ្យគោរព និងជានិមិត្តរូបនៃយុវជនជំនាន់មុន ដែលបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃអំពីការតស៊ូ ភាពអត់ធ្មត់ ជាពិសេសការប្រកាន់ខ្ជាប់នូវគោលការណ៍ការងារមហាជន ដើម្បីបម្រើជាតិ និងប្រជាជន។