ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ព្រមានចាត់វិធានការច្បាប់ម៉ឺងម៉ាត់លើជនបន្លំជាសមត្ថកិច្ច និងមន្ត្រីដែលកៀបសង្កត់ប្រជាពលរដ្ឋ


ភ្នំពេញ៖ តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនស៊ីវិលដែលបន្លំខ្លួនជាសមត្ថកិច្ច ក្លែងឯកសារសាធារណៈ ឬបណ្ណសម្គាល់ខ្លួនជាសមត្ថកិច្ច ព្រមទាំងអ្នកដែលក្លែងឯកសណ្ឋានសមត្ថកិច្ច ឬប្រើប្រាស់ឯកសណ្ឋានសមត្ថកិច្ចដោយខុសច្បាប់។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា សកម្មភាពទាំងនេះជាបទល្មើសព្រហ្មទណ្ឌ។ ជាពិសេស ប្រសិនបើជនល្មើសប្រើប្រាស់ការក្លែងបន្លំនេះ ដើម្បីឃាត់សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ឬចាប់និងនាំខ្លួនប្រជាពលរដ្ឋដោយខុសច្បាប់ ក្នុងគោលបំណងទាញយកផលប្រយោជន៍ពីពួកគាត់ នោះក៏ជាបទល្មើសព្រហ្មទណ្ឌផងដែរ។

ក្នុងករណីនេះ ឯកឧត្តមបានស្នើឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ចាត់វិធានការតាមជំនាញ និងនីតិវិធី ដោយធ្វើការស៊ើបអង្កេត ស្រាវជ្រាវ កំណត់អត្តសញ្ញាណជនល្មើស ចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ជាដាច់ខាត។

ដោយឡែក ចំពោះមន្ត្រីចំណុះក្រសួងមហាផ្ទៃដែលគ្មានភារកិច្ច ប៉ុន្តែប្រព្រឹត្តសកម្មភាពផ្ទុយពីច្បាប់ ដូចជាឃាត់សាកសួរ ឆែកឆេរ សំឡុត គំរាមកំហែង ចាប់ ឬនាំខ្លួនប្រជាពលរដ្ឋស្លូតត្រង់ទៅកន្លែងណាមួយ ដើម្បីដាក់កំហិត បង្ខិតបង្ខំ បំភ័យ ឬទាមទារផលប្រយោជន៍សម្រាប់ខ្លួនឯង ឬក្រុមខ្លួន ជាពិសេសតាមរយៈសកម្មភាព «ធ្វើស៊ី» នោះ ឯកឧត្តមបានចាត់ទុកថា ជាការប្រព្រឹត្តខុសវិន័យ និងជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវអនុវត្តច្បាប់ដោយមិនមានការលើកលែងឡើយ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា មន្ត្រីដែលប្រព្រឹត្តសកម្មភាពបែបនេះត្រូវប្រឈមនឹងការបណ្ដេញចេញពីក្របខ័ណ្ឌ ហើយត្រូវកសាងសំណុំរឿង និងពង្រីកការស៊ើបអង្កេត ដោយបញ្ជូនសំណុំរឿងទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីចាត់ការបន្ត ដោយគ្មានការលើកលែង ឬយោគយល់ឡើយ។

ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះមតិយោបល់ ការស្នើសុំ និងសំណូមពរពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ព្រមទាំងបានបញ្ជាក់ពីចំណុចសំខាន់ៗដែលសាធារណជន អាជ្ញាធរ មន្ត្រីពាក់ព័ន្ធ និងជាពិសេសកម្លាំងនគរបាលជាតិ គួរជ្រាប និងអនុវត្ត។

ឯកឧត្តមបានណែនាំថា ក្នុងករណីប្រជាពលរដ្ឋជួបប្រទះ ឬមានតម្រុយព័ត៌មានអំពីជនស៊ីវិលដែលប្រព្រឹត្តសកម្មភាពបន្លំខ្លួនជាសមត្ថកិច្ច ឬប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានរៀបរាប់ខាងលើ សូមប្រញាប់រាយការណ៍ ឬដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត រួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ ឬស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។ អង្គភាពមានសមត្ថកិច្ចទាំងនេះត្រូវទទួល និងចាត់ការលើពាក្យបណ្ដឹងជាដាច់ខាត។

ជាមួយគ្នានេះ ប្រសិនបើកម្លាំងនគរបាល ឬមន្ត្រីពាក់ព័ន្ធក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានបញ្ជាក់ខាងលើ ជាពិសេសការចុះបង្ក្រាបដោយបន្លំភស្តុតាង ឬបង្កើតព័ត៌មានដាក់បន្ទុកលើប្រជាពលរដ្ឋដែលគ្មានកំហុស ដើម្បីធ្វើឱ្យពួកគាត់ជាប់ពាក់ព័ន្ធនឹងបទល្មើស សូមប្រជាពលរដ្ឋប្រញាប់រាយការណ៍ ឬដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរ ឬអង្គភាពនគរបាលដែលនៅជិតបំផុត ដូចជាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ អធិការដ្ឋាននគរបាលក្រុង-ស្រុក-ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ដើម្បីឱ្យអង្គភាពមានសមត្ថកិច្ចទទួល និងចាត់ការតាមនីតិវិធីជាដាច់ខាត។

ប្រភព៖ ក្រសួងមហាផ្ទៃ