ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ចេញធ្វើបាតុកម្មទូទាំងប្រទេស ទាមទារឱ្យមានការបោះឆ្នោតរកមេដឹកនាំថ្មីឆាប់ៗ!


វេណេស៊ុយអេឡា៖ ប្រជាជនវេណេស៊ុយអេឡារាប់ពាន់នាក់ បាននាំគ្នាចេញធ្វើបាតុកម្មនៅតាមទីក្រុងជាច្រើន ដើម្បីទាមទារឱ្យមានការបោះឆ្នោតដោយសេរី និងការផ្លាស់ប្តូរនយោបាយផ្សេងៗទៀត។ ការតវ៉ានេះគឺជាបាតុកម្មទូទាំងប្រទេសលើកដំបូងរបស់ក្រុមប្រឆាំងក្នុងរយៈពេលជិត ២ឆ្នាំមកនេះ ខណៈកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសអ្នកស្នងតំណែងអតីតប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ នៅមិនទាន់ត្រូវបានកំណត់នៅឡើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីបណ្តោះអាសន្នវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស បានបញ្ជាក់ថា នឹងមានការរៀបចំការបោះឆ្នោត។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានការកំណត់កាលបរិច្ឆេទជាក់លាក់សម្រាប់ការបោះឆ្នោត ដើម្បីជ្រើសរើសអ្នកស្នងតំណែងលោក ម៉ាឌូរ៉ូ ដែលត្រូវបានកងកម្លាំងសហរដ្ឋអាមេរិកចាប់ខ្លួនក្នុងប្រតិបត្តិការយោធាកាលពីខែមករា ឆ្នាំ២០២៦ នោះទេ។

បាតុកម្មនេះត្រូវបានរៀបចំឡើងដោយចលនានយោបាយ Vente Venezuela របស់មេដឹកនាំបក្សប្រឆាំង លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ ដែលជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព។ ការតវ៉ាបានកើតឡើងនៅរដ្ឋធានីការ៉ាកាស និងទីក្រុងសំខាន់ៗផ្សេងទៀត រួមមាន វ៉ាលេនសៀ ម៉ារ៉ាកៃ សាន គ្រីស្តូបាល់ និងម៉ារ៉ាកៃបូ។

លោកស្រី ម៉ាឆាដូ ដែលបានរស់នៅលាក់ខ្លួនក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីឆ្នាំ២០២៤ និងបានចាកចេញពីប្រទេសអស់រយៈពេលជិតមួយឆ្នាំ បានទាមទារឱ្យមានការរៀបចំការបោះឆ្នោតឱ្យបានមុនខែកក្កដា ឆ្នាំ២០២៧។

ទន្ទឹមនឹងនេះ ក្រុមប្រឆាំង និងរដ្ឋាភិបាលបណ្តោះអាសន្នបានបន្តកិច្ចចរចា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ក្នុងគោលបំណងកែទម្រង់ស្ថាប័នតុលាការកំពូល និងក្រុមប្រឹក្សាបោះឆ្នោត មុនពេលឈានទៅរៀបចំការបោះឆ្នោតនាពេលខាងមុខ។ កិច្ចចរចាជុំចុងក្រោយបានធ្វើឡើងក្នុងខែតុលានេះ ប៉ុន្តែការអនុវត្តការផ្លាស់ប្តូរអាចត្រូវការពេលវេលាយូរ។ កិច្ចចរចានេះមិនមានការចូលរួមពីចលនានយោបាយរបស់លោកស្រី ម៉ាឆាដូ នោះទេ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា នឹងមិនរារាំងដំណើរការចរចានេះឡើយ។

គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ និងភរិយា គឺលោកស្រី ស៊ីលីយ៉ា ហ្វ្លរេស កំពុងប្រឈមនឹងការចោទប្រកាន់ពាក់ព័ន្ធនឹងគ្រឿងញៀន និងការធ្វើទារុណកម្មនៅសហរដ្ឋអាមេរិក។ អ្នកទាំងពីរបានបដិសេធការចោទប្រកាន់ និងបានសារភាពថាមិនមានពិរុទ្ធភាពឡើយ៕

ប្រភព៖ Aljazeera