សម្ដេចតេជោ ហ៊ុន សែន៖ គ្មានផ្លូវនោះទេដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើរចេញពីស្រមោលរបស់ឪពុក
ថ្លែងនៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារនយោបាយមួយ ដែលជាការឆ្លើយតបទៅកាន់បរទេស និងអ្នកសរសេរ ឬអត្ថាធិប្បាយនៅក្រៅស្រុកមួយចំនួនដែលបានលើកឡើងថា សម្ដចមហាបវរធិបតី ហ៊ុន ម៉ាណែត ថាតែងដេីរតាមស្រមោលរបស់ឪពុក។

សម្ដេចបាន លើកឡើងថា ការសរសេរ និងអត្ថាធិប្បាយរបស់អ្នកសរសេរនៅក្រៅស្រុកគឺជាការលេីកឡេីងនូវពាក្យពេចន៍មិនគប្បីចំពោះអ្នកបន្តវេទជំនាន់ថ្មី និងបានបង្ហាញពីភាពល្ងង់ខ្លៅរបស់ខ្លួន។ ជាមួយគ្នានេះ សម្ដេចក៏បានណែនាំទៅអ្នកទាំងនោះត្រូវរៀនសូត្រឱ្យបានជ្រៅ និងត្រូវមានចំណេះដឹងបន្ដិច ហើយសិក្សាពីប្រព័ន្ធបោះឆ្នោតជាមុនសិន។ កម្មវិធីនយោបាយរបស់គណបក្ស រាជរដ្ឋាភិបាលត្រូវយកទៅអនុវត្ត និងមិនអាចដើរហួសពីបន្ទាត់នយោបាយរបស់គណបក្សបានទេ។ ក្នុងន័យនេះ វាមិនអាចមានផ្លូវនោះទេ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញពីស្រមោលរបស់សម្ដេចតេជោ។

សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ ថា សម្ដេចមិនមានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការងាររដ្ឋបាលសាធារណទេ តែសម្ដេចមានបទពិសោធន៍ អាចបង្រៀនអ្នកសរសេរទាំងនោះបាន។ សម្ដេចបន្ថែមថា «អ្នកគ្រាន់តែមានសំណាងកើតក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែខួរក្បាលរបស់អ្នកមិនប្រាកដថាប្រសើរជាពួកយើងខ្ញុំដែលជាប្រទេសក្រីក្រទេ»។