|

លោក ហ៊ុន ម៉ានី៖ ក្នុងនាមជាកូនខ្មែរ យើងមិនអាចទទួលយកបានជាដាច់ខាត


ប្រទេសកម្ពុជាត្រូវបានធ្លាក់ចូលទៅក្នុងជ្រោះដ៏សែនជ្រៅ ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ដែលព្រឹត្តិការណ៍ដ៏ខ្មៅងងឹតជាប្រវត្តិសាស្ត្រនេះបានឆាបឆក់យកអាយុជីវិតរបស់ប្រជាជនស្លូតត្រង់ប្រមាណជា៣លាននាក់ នេះបើយោងទៅតាមគេហទំព័រកម្ពុជាទស្សនថ្មី (Cambodia New Vision) មានអក្សរកាត់ថា CNV ជាព្រឹត្តិបត្ររបស់ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន។

របបប្រល័យពូជសាសន៍ ដែលដឹកនាំដោយប៉ុល ពត ឬសាឡុតស ត្រូវបានក្លាយជាស្នាមដំបៅព្យាបាលលែងបាត់ និងក្លាយជាការចងចាំមួយរបស់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងបណ្តាប្រទេសផ្សេងៗទូទាំងសកលលោកដក់ជាប់ក្នុងបេះដូងអំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់មួយនេះ។

ថ្មីៗនេះ ស្រាប់តែមានរឿងដ៏គួរឱ្យភ្ញាក់ផ្អើល និងសោកស្តាយជាទីបំផុតពីសំណាក់បងប្អូនប្រជាជនខ្មែរ ពិសេសអ្នកនិយមតាមដាន និងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីសារព័ត៌មាន VICE បានបង្ហោះរូបជនរងគ្រោះនៅអតីតមន្ទីរស-២១ ខុសពីប្រក្រតីភាព ឬផ្ទុយពីការពិត។ ជាក់ស្តែង យោងទៅលើសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ជនជាតិអៀកឡង់ឈ្មោះ Matt Loughrey ជាអ្នកយករូបថតបងប្អូនជាជនរងគ្រោះទៅកែច្នៃជាពណ៌ធម្មជាតិ និងបានច្នៃឱ្យខុសពីស្ថានភាពជាក់ស្តែង។

ប្រភពដដែលបានឱ្យដឹងបន្តថា៖ “កម្ពុជា មិនអាចទទួលយកទង្វើបែបអគតិនេះទេ ដ្បិតកិច្ចការដែលបុគ្គលខាងលើបានធ្វើ គឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ភាពពិតនៃប្រវត្តិសាស្រ្តប្រទេសកម្ពុជា និងបំពានចំពោះសិទ្ធិនៃការប្រើប្រាស់រូបថតរបស់សារមន្ទីរ។

ឆ្លើយតបទៅនឹងទង្វើបែបអគតិរបស់សារព័ត៌មាន VICE និងបុគ្គល Matt Loughrey ខាងលើ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ដដែល លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បានបង្ហាញពីការភ្ញាក់ផ្អើល និងសោកស្តាយនៅលើគេហទំព័រផ្លូវការរបស់លោកយ៉ាងដូច្នេះថា៖

“ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងសោកស្តាយយ៉ាងខ្លាំងដែលបានឃើញនូវការកែរូបថតជនរងគ្រោះនៅគុកទួលស្លែង (ស ២១) ដែលបង្ហាញយ៉ាងច្បាស់ថា បុគ្គលទាំងនោះ ជាពិសេសជនបរទេស ពិតជាមិនបានយល់ច្បាស់ពីសោកនាដកម្មដ៏សែនឈឺចាប់ និងខ្លោចផ្សាបំផុតរបស់ប្រជាជាតិកម្ពុជា ជាពិសេសគឺជនរងគ្រោះដែលបានឆ្លងកាត់នូវទារុណកម្ម និងការកាប់សម្លាប់នៅក្នុងគុកទួលស្លែង។”

លោក ហ៊ុន ម៉ានី បានចោទជាសំណួរបែបហួសចិត្តទៅកាន់សារព័ត៌មាន និងបុគ្គលសញ្ជាតិអៀរឡង់រូបនោះដែលពុំបានគិតល្អិតល្អន់ និងប្រុងប្រយ័ត្ន៖ តើការកែរូបថតខាងលើនេះ បានគិតទៅដល់ការឈឺចាប់របស់ជនរងគ្រោះ និងសាច់ញាតិរបស់ពួកគាត់ដែរ ឬទេ? តើបានផ្តល់សេចក្តីថ្លៃថ្នូរដល់អ្នកបាត់បង់ជីវិតនៅទីនោះឬទេ? ឬគិត ដល់អារម្មណ៍របស់សាក្សីរស់ ដែលស្ទើរតែគេចមិនផុតពីនរកលោកិយ៍នៅ ស ២១ នោះឬទេ?

អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺរូបនេះបន្តទៀតថា៖ “កូនខ្មែរគ្រប់ជំនាន់ ត្រូវចង់ចាំ ផ្តល់ការគោរព និងការពារសេចក្តីថ្លៃថ្នូរដល់ជនរងគ្រោះដែលនៅរស់រានមានជីវិត និងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋរាប់ម៉ឺននាក់ដែលបានបាត់បង់ជីវិត នៅ ស ២១ ដោយអយុត្តិធម៌បំផុត។ ក្នុងន័យនេះ រាល់ការកែច្នៃ ការលេងសើច ឬទង្វើណាមួយ របស់បុគ្គលគ្រប់រូប រួមទាំងជនបរទេសផង ត្រូវយល់ឲ្យបានច្បាស់ ថាអ្វីគួរធ្វើ និងអ្វីដែលមិនគួរធ្វើ ដោយត្រូវយល់ឲ្យច្បាស់ ពីការឈឺចាប់ របស់ក្រុមគ្រួសារជនរងគ្រោះដែលបានបាត់បង់ជីវិត និងសាក្សីរស់ដែលនៅរស់រានមានជីវិត ពីសោកនាដកម្ម ដ៏សាហាវ យង់ឃ្នងនេះ។

“ខ្ញុំសង្ឃឹមថា ករណីបែបនេះ ឬស្រដៀងគ្នានេះ នឹងមិនកើតឡើងជាថ្មីម្តងទៀតនោះទេ ទោះក្នុងទិដ្ឋភាពណាក៏ដោយ ដែលក្នុងនាមជាកូនខ្មែរ យើងមិនអាចទទួលយកបានជាដាច់ខាត។ លើស ពីនេះបុគ្គលដែលប្រមាថ ទោះក្នុងរូបភាពណា ក៏ដោយ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តិឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ជាធរមាន លោក ហ៊ុន ម៉ានី បានបញ្ជាក់ចុងក្រោយនៃសាររបស់លោក យ៉ាងដូច្នេះ។”

រូបភាព៖ Hun Many