សហរដ្ឋអាមេរិក គ្រោងបិទស្ថានទូត និងស្ថានកុងស៊ុលចំនួន៥ នៅប្រទេសមួយចំនួន ដើម្បីកាត់បន្ថយចំណាយ និងវត្តមានការទូតដែលគ្មានប្រសិទ្ធភាព
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងទៅកាន់សភាថា ខ្លួនមានផែនការបិទស្ថានបេសកកម្មការទូតចំនួន៥ នៅក្រៅប្រទេស ដែលជាផ្នែកមួយនៃការកាត់បន្ថយចំណាយ រួមទាំងវត្តមានការទូតរបស់សហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ។ នេះបើតាមប្រភពដែលដឹងពីសេចក្តីជូនដំណឹង និងត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់សារព័ត៌មាន Reuters ថា សេចក្តីជូនដំណឹងដែលត្រូវបានផ្ញើទៅគណៈកម្មាធិការមួយចំនួនរបស់សភាកាលពីចុងសប្តាហ៍មុន និងបានបញ្ជាក់ពីផែនការបិទស្ថានបេសកកម្មរបស់សហរដ្ឋអាមេរិកនៅទីក្រុង St. George’s ប្រទេសហ្គ្រេណាដា, Nagoya ប្រទេសជប៉ុន, Medan ប្រទេសឥណ្ឌូណេស៊ី, Douala ប្រទេសកាមេរូន និង Winnipeg ប្រទេសកាណាដា។
ការបិទស្ថានបេសកកម្មទាំងនេះ ត្រូវបានគេចាត់ទុកថាជាជំហានដ៏កម្រមួយ ដែលសហរដ្ឋអាមេរិកកាត់បន្ថយបណ្តាញការទូតរបស់ខ្លួន ដោយមិនទាក់ទងទៅនឹងវិបត្តិភូមិសាស្ត្រនយោបាយ ឬស្ថានការណ៍អន្តរជាតិណាមួយជាក់លាក់នោះទេ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំមុន ក្នុងដំណាក់កាលដំបូងនៃរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្រសួងការបរទេសអាមេរិកក៏ធ្លាប់បានរៀបចំផែនការបិទស្ថានបេសកកម្មការទូតជិត១២កន្លែងផងដែរ ដែលជាផ្នែកនៃកិច្ចខិតខំធ្វើកំណែទម្រង់ប្រព័ន្ធរដ្ឋបាលសហព័ន្ធ ស្របតាមគោលនយោបាយ «America First»។ ក្នុងនោះ ការិយាល័យគ្រប់គ្រង និងថវិការបស់សេតវិមាន (OMB) ថែមទាំងបានជំរុញឱ្យបិទស្ថានបេសកកម្មរហូតដល់៣០កន្លែង ដោយចាត់ទុកថា ស្ថានបេសកកម្មតូចៗមួយចំនួនមិនមានប្រសិទ្ធភាព និងចំណាយថវិកាច្រើន។
ទោះជាយ៉ាងណា ក្រុមអ្នកនយោបាយគណបក្សប្រជាធិបតេយ្យ និងអតីតមន្ត្រីការបរទេស ព្រមានថា ការកាត់បន្ថយវត្តមានការទូតរបស់សហរដ្ឋអាមេរិក រួមទាំងការរំលាយទីភ្នាក់ងារ USAID ដែលធ្លាប់ផ្តល់ជំនួយអភិវឌ្ឍន៍រាប់ពាន់លានដុល្លារទូទាំងពិភពលោក អាចធ្វើឱ្យឥទ្ធិពលរបស់អាមេរិកចុះខ្សោយ និងបើកឱកាសឱ្យប្រទេសគូប្រជែង ដូចជា ចិន និងរុស្ស៊ី ពង្រីកឥទ្ធិពលរបស់ខ្លួន។
ប្រភព៖ Reuters















