មីយ៉ាន់ម៉ា អះអាងថា ក្រុមប្រដាប់អាវុធជនជាតិភាគតិច ទទួលសំណូកពីក្រុមឆបោកអនឡាញ (Online Scam) ជាថ្នូរនឹងការជួយរត់ចូលប្រទេសថៃ!
ណៃពិដោ៖ អាជ្ញាធរមីយ៉ាន់ម៉ា បានអះអាងថា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន បានទទួលប្រាក់ជាថ្នូរនឹងការជួយបញ្ជូនជនបរទេសដែលជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមអនឡាញ ទៅកាន់ព្រំដែនថៃ មុនពេលពួកគេរត់គេចខ្លួនចូលប្រទេសថៃ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា (MNA) នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦។

តាមប្រភពដដែលបានឲ្យដឹងថា រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងសហការជាមួយប្រទេសជិតខាង ដែលជាដៃគូក្នុងតំបន់ និងអង្គការអន្តរជាតិ ដើម្បីបង្ក្រាបការឆបោកតាមអនឡាញ និងល្បែងស៊ីសងអនឡាញ ព្រមទាំងទប់ស្កាត់ការបង្កើតមូលដ្ឋានប្រតិបត្តិការបែបនេះ កុំឲ្យកើតមានដាច់ខាតនៅក្នុងប្រទេស។
ជាមួយគ្នានោះ អាជ្ញាធរមីយ៉ាន់ម៉ាបានបញ្ជាក់ថា កងកម្លាំងយោធាបានបើកប្រតិបត្តិការសន្តិសុខនៅក្រុងម្យាវ៉ាឌី (Myawady) នៃរដ្ឋកាយិន (Kayin State) ហើយបានប៉ះទង្គិចជាមួយកងកម្លាំង KNLA និង PDF ដែលត្រូវបានគេសន្និដ្ឋានថា ជួយផ្តល់ការការពារដល់ក្រុមប្រតិបត្តិការឆបោកអនឡាញ ជាថ្នូរនឹងការទទួលប្រាក់។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៧ ខែកក្កដា អាជ្ញាធរមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្សសរុប ៧៧៧នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ក្នុងនោះរួមមានជនជាតិចិន (ប្រុស ៦២០នាក់ ស្ត្រី១១នាក់) ក្នុងនោះស្ត្រីជនជាតិថៃ ៣នាក់ បុរសជនជាតិមីយ៉ាន់ម៉ា ៣២នាក់ និងស្ត្រីជនជាតិមីយ៉ាន់ម៉ា ១១១នាក់។
ដោយឡែក អាជ្ញាធរក៏បានរឹបអូសឧបករណ៍មួយចំនួន រួមមានឧបករណ៍ទទួលសញ្ញា Starlink ចំនួន១ គ្រឿង កុំព្យូទ័រ ៨៥គ្រឿង និងទូរស័ព្ទដៃ ១៨៣គ្រឿង ដែលត្រូវបានប្រើប្រាស់ក្នុងសកម្មភាពឆបោក។
យផងតាម MNA បានអះអាងបន្ថែមថា នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយចំនួន បានទទួលប្រាក់ ដើម្បីជួយវែកផ្លូវជនបរទេសប្រមាណ ២១០នាក់ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ពីភូមិ Kyaukkhat ទៅកាន់ព្រំដែនមីយ៉ាន់ម៉ា-ថៃ មុនពេលពួកគេឆ្លងចូលប្រទេសថៃ។
ជាមួយគ្នានោះ អាជ្ញាធរមីយ៉ាន់ម៉ា បានបញ្ជាក់ថា ខ្លួននឹងបន្តសហការជាមួយប្រទេសជិតខាង ដៃគូក្នុងតំបន់ និងអង្គការអន្តរជាតិ ដើម្បីស្វែងរក និងចាប់ខ្លួនបុគ្គលពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអនឡាញ រួមទាំងជនបរទេសដែលស្ថិតនៅពីក្រោយប្រតិបត្តិការទាំងនេះ ព្រមទាំងបន្តជួយធ្វើមាតុភូមិនិវត្តន៍ជនបរទេសដែលជាជនរងគ្រោះនៃការជួញដូរមនុស្ស ឬកំពុងជួបការលំបាកនៅក្នុងប្រទេសមីយ៉ាន់ម៉ា៕
ប្រភព៖ Global News Light of Myanmar















