Telegram ប្រកាសថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឲ្យដំឡើងជាធម្មតាវិញលើ App Store របស់ Apple ក្រោយបាត់ខ្លួនដោយគ្មានការបញ្ជាក់ពីមូលហេតុ
អន្តរជាតិ៖ កម្មវិធីផ្ញើសារដ៏ពេញនិយម Telegram បានប្រកាសថា កម្មវិធីរបស់ខ្លួនត្រូវបានដាក់ឱ្យដំណើរការឡើងវិញនៅលើ Apple App Store បន្ទាប់ពីបានបាត់ចេញពីAppនេះនៅក្នុងប្រទេសជាច្រើនកាលពីថ្ងៃចន្ទ ដោយមិនមានការបញ្ជាក់អំពីមូលហេតុ។ ទោះជាយ៉ាងណា ការស្ដារឡើងវិញហាក់មិនទាន់បានបញ្ចប់ទាំងស្រុងនៅឡើយទេ។

កាលពីថ្ងៃចន្ទ ទី៣ ខែសីហា អ្នកប្រើប្រាស់នៅក្នុងប្រទេសជាច្រើនបានសង្កេតឃើញថា ការស្វែងរកកម្មវិធី Telegram នៅលើ App Store មិនអាចរកឃើញបានទៀតទេ។ ប៉ុន្តែទោះបីជាយ៉ាងណា អ្នកដែលបានដំឡើង Telegram រួចនៅលើ iPhone និង iPad នៅតែអាចប្រើប្រាស់កម្មវិធីនេះបានជាធម្មតា ខណៈអ្នកប្រើថ្មី ទើបមិនអាចទាញយកកម្មវិធីនេះបាន។
យ៉ាងណាមិញ អ្វីដែលគួរឱ្យកត់សម្គាល់ គឺកម្មវិធី Telegram នៅតែមាននៅលើ Mac App Store ហើយមិនបានបាត់ចេញពី Google Play Store នោះទេ ដូច្នេះអ្នកប្រើប្រាស់ប្រព័ន្ធ Android ក៏មិនមានបញ្ហាសម្រាប់ការប្រើប្រាស់ឡើយ។
ជុំវិញបញ្ហានេះ Telegram បានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា៖ «Telegram ត្រូវបានស្ដារឡើងវិញនៅលើ App Store និងអាចប្រើបានវិញសម្រាប់អ្នកប្រើប្រាស់ទាំងអស់ក្នុងពេលឆាប់ៗនេះ»។
ទោះបី Telegram បានអះអាងបែបនេះក៏ដោយ ប៉ុន្តែគិតត្រឹមពេលចេញផ្សាយព័ត៌មាន ការស្ដារកម្មវិធីឡើងវិញនៅតែមិនទាន់ពេញលេញ។ ខណៈអ្នកប្រើប្រាស់នៅក្នុងតំបន់មួយចំនួននៅតែមិនអាចស្វែងរក Telegram នៅលើ App Store បាន ហើយការចូលទៅកាន់តំណផ្ទាល់របស់កម្មវិធីក៏បង្ហាញសារ (Error) ជំនួសឱ្យទំព័រកម្មវិធី។
ដោយឡែក ក្រៅពីសេចក្តីថ្លែងការណ៍ខ្លីទៅកាន់ Reuters ក្រុមហ៊ុន Telegram ក៏មិនបានផ្តល់ការពន្យល់អំពីមូលហេតុដែលកម្មវិធីរបស់ខ្លួនបាត់ចេញពី App Store នោះដែរ ហើយក៏បានរក្សាភាពស្ងៀមស្ងាត់លើបណ្ដាញសង្គមអស់រយៈពេលជាច្រើនម៉ោង។
ជាមួយគ្នានោះ គេសង្កេតឃើញនៅលើបណ្ដាញសង្គម X គណនីផ្លូវការរបស់ Telegram បានបង្ហោះសារបែបលេងសើចមួយថា៖ «ព័ត៌មានអំពីការបាត់ខ្លួនកម្មវិធីរបស់ខ្ញុំ ត្រូវបានគេនិយាយបំផ្លើសហួសពីការពិត»។
ប្រភព៖ Android Authority















