|

ក្រសួងបរិស្ថាន និងភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិអាមេរិក រួមគ្នា បង្រ្កាបបទល្មើសព្រៃឈើ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា


ភ្នំពេញ៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានអនុញ្ញាតឱ្យ លោក Devineni Udaykiran អនុព័ន្ធស្តីទីប្រចាំប្រទេស នៃទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ប្រចាំទីក្រុងហូជីមិញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើការអនុវត្តច្បាប់បង្រ្កាបបទល្មើសធនធានធម្មជាតិ តាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដើម្បីតាមដាន ស្រាវជ្រាវ និងទប់ស្កាត់បទល្មើសព្រៃឈើឱ្យកាន់តែមានភាពសុក្រឹត និងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានបាននិងកំពុងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងចំពោះរាល់សកម្មភាពល្មើសច្បាប់ពាក់ព័ន្ធនឹងធនធានធម្មជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ជាធរមាន ដើម្បីធានាបាននូវការអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការលើកលែង។ រាល់ករណីល្មើស ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីអនុវត្តនីតិវិធីបន្ត។

ទន្ទឹមនឹងវិធានការច្បាប់ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី ក៏បានលើកឡើងពីការជំរុញការអនុវត្ត «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជាពិសេសការយកចិត្តទុកដាក់លើមុំ «ភាពបៃតង ២.១» ដែលផ្តោតលើការស្ដារ និងពង្រីកគម្របព្រៃឈើ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវប្រព័ន្ធតាមដានដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបជាយុទ្ធសាស្រ្ត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការការពារ និងអភិរក្សធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាព។

ជាការឆ្លើយតប លោក Devineni Udaykiran បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងវិធានការដ៏ម៉ឺងម៉ាត់របស់ក្រសួងបរិស្ថានកម្ពុជា។ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទីភ្នាក់ងារស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក ក្នុងការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពបច្ចេកទេស និងផ្តល់បច្ចេកវិទ្យាទំនើប ដើម្បីរួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ សំដៅគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព៕

ប្រភព៖ Ministry of Environment