ឯកឧត្តម ហ៊ុន ម៉ានី សម្ដែងការដឹងគុណចំពោះព្រះមហាករុណាទិគុណនៃអតីតព្រះមហាក្សត្រគ្រប់ព្រះអង្គដែលបានកសាងខឿនអរិយធម៌ដ៏រុងរឿងឱ្យយុវជនជំនាន់ក្រោយមានឱកាសបង្ហាញទៅកាន់ពិភពលោក
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញមោទនភាព តាមរយៈសារដ៏មានអត្ថន័យនេះនៅលើទំព័រផ្ទាល់ខ្លួន បន្ទាប់ពីការចូលរួមរបស់ព្រះរាជាណចក្រកម្ពុជាក្នុងព្រឹត្តិការណ៍ឈីងហ្គេបានបញ្ចប់ទៅប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

ឯកឧត្តម បានលើកឡើងតាមរយៈសំណេរដែលមានខ្លឹមសារថា «ទម្រង់សិល្បៈបូរាណដ៏ល្អផូរផង់ដែលជាកេរមរតកដ៏មានតម្លៃរបស់ដូនតាត្រូវបានយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់ និងស្វែងយល់។ ផ្ទាំងទស្សនីយភាពដ៏រស់រវើក អមដោយស្នាមញញឹមស្រស់បំព្រងនៃសិល្បករ សិល្បការិនីកម្ពុជាបានផ្តល់នូវការកោតស្ញប់ស្ញែង និងអារម្មណ៍រំភើបពីសំណាក់អ្នកទស្សនាទាំងអស់គ្នា។ »
ឯកឧត្តមបានបន្តថា «យើងពិតជាមានសំណាង និងមោទនភាពដែលបានកើតជាកូនខ្មែរ ក្នុងសម័យសន្តិភាព។ ក្រោមម្លប់នៃសន្តិភាព យើងមានឱកាសក្នុងការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ដ៏យូរលង់ឱ្យបានឋិតឋេរគង់វង្ស និងកាន់តែមានឈ្មោះល្បឺសុះសាយទូទាំងសកលលោក។ សម្បត្តិវប្បធម៌ទាំងរូបី និងអរូបីដ៏មានតម្លៃកាត់ថ្លៃពុំបានត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតកភណ្ឌពិភពលោកជាបន្តបន្ទាប់។»


ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវការដឹងគុណចំពោះព្រះមហាករុណាទិគុណដ៏ធំធេង នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គដែលបានកសាងខឿនអរិយធម៌ដ៏រុងរឿងបន្សល់ទុករហូតដល់បច្ចុប្បន្ន៕