|

កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអាទិភាពសំខាន់ៗចំនួន ៤ !


វិមានរដ្ឋសភា៖ នារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Steven Pang ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា។

ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត។

ក្នុងឱកាសនៃកិច្ចពិភាក្សានោ ភាគីទាំងពីរ បានផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព រួមមាន៖ វិស័យទេសចរណ៍ សេដ្ឋកិច្ចឌីជីថល ថាមពល និងសន្តិសុខស្បៀងអាហារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និងវិបុលភាពរួមនៃប្រទេសទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តម សួស យ៉ារ៉ា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម Steven Pang ក្នុងឱកាសបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសភាកម្ពុជា ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីសិង្ហបុរី ដើម្បីលើកកម្ពស់ទំនាក់ទំនងសភា និងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែមានប្រសិទ្ធភាព។

ជាការឆ្លើយតប ឯកឧត្តម Steven Pang ក៏បានបញ្ជាក់ពីឆន្ទៈក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឱ្យកាន់តែរីកចម្រើន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រភព៖ National Assembly of Cambodia