សម្ដេច ហ៊ុន សែន «យើងកំពុងដើរតាមលំអាន ព្រះករុណាសម្ដេច ព្រះវររាជបិតា»
ដោយ៖ ផាត់ គឹមឆែ
នាព្រឹកថ្ងៃទី០៥ មករា ឆ្នាំ២០២២នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្ដើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់ នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស៉្បាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
ក្នុងឱកាសនេះ សម្ដេច បានសម្ដែងការសាទរចំពោះជ័យជម្នះ និងសមិទ្ធផលដែលកម្ពុជាទទួលបាន ដោយការខិតខំប្រឹងប្រែងហ្វឹកហាត់ និងទេពកោសល្យផ្ទាល់ខ្លួនរបស់កីឡាករ កីឡាការនីរបស់យើង រួមទាំងការខិតខំ យកចិត្តទុកដាក់ ជួយជ្រោមជ្រែងពីសំណាក់អ្នកទទួលខុសត្រូវលើវិស័យនេះ ក៏ដូចជា ការគាំទ្រ របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យកម្ពុជា អាចដណ្ដើម និងរក្សាមេដាយបានចំនួន៥ជំនាន់ ដែលមានកីឡាការី កែ ឡេង ចំនួន៤ជំនាន់ និងកីឡាការនី អ៊ុក ស្រីមុំចំនួន១ជំនាន់ថែមទៀត។ នេះសបញ្ជាក់ថា កម្ពុជា ជាប្រទេសដែលខ្លាំងផ្នែកកីឡា ប៉េតង់ នេះបើតាមការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្ត្រី។
សម្ដេច បានបន្តថា «យើងកំពុងដើរតាមលំអាន ព្រះករុណាសម្ដេច ព្រះវររាជបិតា» ដោយហេតុថា វិស័យកីឡា ត្រូវបានពង្រឹងយ៉ាងមានសក្ដានុពលនាសម័យសង្គមរាស្ត្រនិយម ទោះបីពេលនោះប្រទេសយើងស្ថិតក្នុងសន្តិភាព ដែលខ្វះស្ថេរភាពក៏ដោយ។ ក្នុងពេលនោះ ក្រោយឯករាជ្យ ឆ្នាំ១៩៥៣ កម្ពុជាបានខិតខំក្នុងការស្វែងរកសន្តិភាព ដែលបានមកដោយលំបាក។ ទន្ទឹមនឹង សន្ដិភាពនេះ គឺជាសន្តិភាពមួយដែលគ្មានស្ថេរភាព ដោយសារសង្រ្គាមនៃប្រទេសជិតខាង ដូចជា ការទម្លាក់គ្រាប់បែករបស់អាម៉េរិក ក្នុងអំឡុងពេលកាន់កាប់ និងធ្វើសង្គ្រាមជាមួយប្រទេសវៀតណាមខាងត្បូង។ មួយវិញទៀត គឺបញ្ហាផ្ទៃក្នុង ដែលមានពួកខ្មែរក្រហម ជាដើម រំខានដល់ការកសាងប្រទេសជាតិ។
យ៉ាងណាមិញ កម្ពុជាដែលមានព្រះវររាជបិតា ឯករាជ្យជាតិ សម្ដេចនរោត្តមសីនុ នៅតែរក្សាការខិតខំប្រឹងប្រែង កសាង និងអភិវឌ្ឍវិស័យកីឡាឱ្យទទួលបានភាពរីកចម្រើនយ៉ាងខ្លាំង ជាក់ស្ដែងនៅតាមសាលារៀននីមួយៗ មានដាក់បញ្ចូលនូវម៉ោងកីឡា ដូចជាកីឡា បាល់ទះ បាល់បោះ ជាដើម។ ប្រសិនបើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ដែលនាំមកនូវភ្លើងសង្គ្រាមដល់កម្ពុជាទេ ប្រហែលកីឡាកម្ពុជាក៏មិនដើរថយក្រោយឡើយ។ ហេតុនេះសម្ដេចបានបញ្ជាក់ថានៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការនី ដែលដណ្ដើមបានមេដាយមាសនេះថា «យើងកំពុងដើរតាមលំអានព្រះករុណា» គឺខិតខំអភិវឌ្ឍ និងលើកស្ទួយវិស័យកីឡានៅកម្ពុជា ឱ្យរីកចម្រើនដូចជាសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ព្រះវររាជបិតាជាតិខ្មែរ។
រហូតមកដល់បច្ចុប្បន្ន យើងបានរួមគ្នាស្ដារឡើងវិញ និងអភិវឌ្ឍលើវិស័យកីឡា កីឡាករ កីឡាការនី កម្ពុជា បាននាំមកនូវមុខមាត់ និងកិត្តិយសជូនជាតិ និងប្រជាជនកម្ពុជាទាំងមូល។ គួរបញ្ជាក់ផងដែរថា នេះជាមោទកភាពដ៏ធំសម្រាប់កម្ពុជា ដែលកីឡាការនីកម្ពុជាមានសមត្ថភាពអាចដណ្ដើមមេដាយកម្រិតក្របខណ្ឌពិភពលោក ដែលមកដល់ពេលនេះយើងទទួលបានមេដាយចំនួន៣៧០គ្រឿងមកហើយ ក្នុងនោះ មានមេដាយមាសចំនួន១០៨ មេដាយប្រាក់ចំនួន១៣១ និងមេដាយសំរិតចំនួន១៣១៕
កែសម្រួលដោយ៖ BRANDMEDIA
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister