|

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសម្ពោធឧបដ្ឋានសាលាដែលជាសមិទ្ធផលថ្មីនៃខេត្តកំពង់ស្ពឺ


នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្តក្រាំងចេក ឃុំក្រាំងចេក ស្រុកឧដុង្គ (ស្រុកសាមគ្គីមុនីជ័យ) ខេត្តកំពង់ស្ពឺ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយខេត្តកំពង់ស្ពឺជាច្រើនរូប។

ថ្លែងក្នុងពិធីសម្ពោធនាព្រឹកនេះ ឯកឧត្តមបានសម្ដែងនូវការចូលរួមអបអរសាទ ប្រកបដោយក្តីសោមនស្សរីករាយ ជាមួយព្រះតេជគុណគ្រប់ព្រះអង្គ ពុទ្ធបរស័ទជិតឆ្ងាយ ជាពិសេសលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនៃឃុំក្រាំងចេកទាំងអស់ ដែលទទួលបានសមិទ្ធផលថ្មីៗជាច្រើនបន្ថែមទៀតស្របតាមសេចក្ដីត្រូវការរបស់ទីវត្តអារាម។ ក្នុងឱកាសនេះ ឯកឧត្តមបានថ្លែងអំណរគុណដល់ក្រុមការងារចុះជួយ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងគៀរគរការចូលរួមពីសប្បុរសជន ដើម្បីកសាងសមិទ្ធផលទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ផ្សារភ្ជាប់ជាមួយខ្លឹមសារខាងលើ ឯកឧត្តម ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាមួយស្រុកឧដុង្គ ដែលជាទឹកដីដំបូងដែលឯកឧត្តមចាប់ផ្តើមការងារមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមថា មកទល់ពេលនេះយើងបានឃើញសមិទ្ធផលនានាដែលធ្វើអោយឯកឧត្តមមើលឃើញការអភិវឌ្ឍរបស់ឃុំក្រាំងចេក ហើយអ្វីទាំងអស់នេះហើយដែលជាចំណងអនុស្សាវរីយ៍ក្នុងស្រុកឧដុង្គ។ លើសពីនោះថែមទៀត ឯកឧត្តមបានអំពាវនាវ និងលើកទឹកចិត្តចំពោះមន្រ្តីមន្ទីទេសរណ៍ខេត្តរិះរកវិធីសាស្រ្តដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ស្របតាមបរិបទផ្ទាល់របស់ខេត្តកំពង់ស្ពឺ។

សូមជម្រាបដែរថា ឧបដ្ឋានសាលា និងសមិទ្ធផលនានាដែលបានដាក់សម្ពោធនាព្រឹកនេះត្រូវបានចាប់ផ្ដើមកសាងឡើងតាំងពីចុងឆ្នាំ២០១៨ ហើយសាងសង់រួចរាល់នៅក្នុងឆ្នាំ២០២២ និងប្រើប្រាស់ថវិកាចំនួន ៣១៥,៧៦៧ ដុល្លារអាមេរិក ដែលជាការផ្តួចផ្ដើមគំនិតដោយព្រះគ្រូចៅអធិកា លុយ សុផល។