ថៃសម្តែងការព្រួយបារម្ភពីការពង្រីកឥទ្ធិពលចិន ដោយបញ្ជាឱ្យតាមដានយ៉ាងយកចិត្តទុកដាក់លើមូលដ្ឋានទ័ពអាកាសចិន-ឡាវ
បាងកក៖ មេបញ្ជាការកងទ័ពអាកាសថៃបានបញ្ជាឱ្យកងទ័ពអាកាសរបស់ខ្លួនតាមដាន និងវិភាគការវិវត្តនានាពាក់ព័ន្ធនឹងមូលដ្ឋានអាកាសចិនមួយកន្លែងនៅប្រទេសឡាវ រួមទាំងលទ្ធភាពក្នុងវិស័យសេដ្ឋកិច្ច នយោបាយ និងយោធា ខណៈការអភិវឌ្ឍនេះ ត្រូវបានអ្នកវិភាគសន្តិសុខមួយចំនួន កំពុងចាប់អារម្មណ៍លើតួនាទីដែលអាចមានក្នុងការពង្រីកវត្តមានយោធារបស់ចិននៅអាស៊ីអាគ្នេយ៍។


យោងតាមសារព័ត៌មាន Khaosod English ចុះផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា លោក សេកសាន ខាន់ថា (Seksan Khantha) អគ្គមេបញ្ជាការកងទ័ពអាកាសថៃ បានលើកឡើងពីមូលដ្ឋានអាកាសនៅបានឃឺន (Ban Keun) ប្រទេសឡាវ ជាឧទាហរណ៍មួយនៃការពង្រីកឥទ្ធិពលរបស់ប្រទេសមហាអំណាចចិននៅក្នុងប្រទេសជិតខាង។
ថ្លែងក្នុងពិធីបង្ហាញអាទិភាពគោលនយោបាយរបស់កងទ័ពអាកាសថៃសម្រាប់ឆ្នាំ២០២៧-២០២៨ នៅសាលាបណ្ឌិតសភាកងទ័ពអាកាសរាជវង្ស Navaminda Kasatriyadhiraj កាលពីថ្ងៃទី១២ ខែតុលា លោក សេកសាន បានបញ្ជាក់ថា “ប្រទេសថៃចាំបាច់ត្រូវតាមដានការវិវត្ត និងវិភាគពីគោលបំណងនៅពីក្រោយគម្រោងនេះ”។ លោកបានថ្លែងថា៖ «យើងនឹងតាមដានការវិវត្តពីខាងក្រៅ និងវិភាគសញ្ញាផ្សេងៗ»។ លោកបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធដែលអភិវឌ្ឍដោយមានការចូលរួមពីប្រទេសមហាអំណាច អាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងសេដ្ឋកិច្ច នយោបាយ និងយោធា។
សូមបញ្ជាក់ថា មូលដ្ឋានអាកាសនេះ បានបើកដំណើរការជាផ្លូវការកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ស្របពេលជាមួយសាលាបណ្តុះបណ្តាលអាកាសចរណ៍មិត្តភាពចិន-ឡាវ។ ក្រសួងការពារជាតិចិនបានឱ្យដឹងថា មជ្ឈមណ្ឌលគាំទ្រ និងបណ្តុះបណ្តាលរួមចិន-ឡាវ នឹងត្រូវបានគ្រប់គ្រងរួមគ្នាដោយប្រទេសទាំងពីរ ដើម្បីជួយបណ្តុះបណ្តាលអ្នកបើកយន្តហោះនៃកងទ័ពអាកាសឡាវ។
ភាគីចិនបានបញ្ជាក់ថា មូលដ្ឋាននេះមិនមានគោលដៅប្រឆាំងនឹងប្រទេសទីបីណាមួយឡើយ។ ទោះជាយ៉ាងណា ការអភិវឌ្ឍនេះបានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកវិភាគសន្តិសុខ ដែលបានលើកឡើងជាសំណួរអំពីតួនាទីដែលមូលដ្ឋាននេះ អាចមានក្នុងការពង្រីកវត្តមានយោធារបស់ចិននៅអាស៊ីអាគ្នេយ៍។ ចំណែកចិន និងឡាវបានបញ្ជាក់ជាសាធារណៈថា “វាជាមូលដ្ឋានសម្រាប់ការបណ្តុះបណ្តាល និងការគាំទ្ររួមគ្នាតែប៉ុណ្ណោះ”។
យ៉ាងណាមិញ តំបន់ដែលមូលដ្ឋាននេះ ស្ថិតនៅ ក៏មានប្រវត្តិជាប់ពាក់ព័ន្ធនឹងជម្លោះក្នុងតំបន់កាលពីអតីតកាលផងដែរ។ តាមសេចក្ដីរាយការណ៍ តំបន់នេះធ្លាប់ត្រូវបានសហរដ្ឋអាមេរិកប្រើប្រាស់ក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួននៅប្រទេសឡាវ និងប្រទេសជិតខាង រួមមានវៀតណាម និងកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៦០ និងឆ្នាំ១៩៧០។
ប្រភព៖ Khaosod English












