|

ឯកឧត្តម ហ៊ុន ម៉ានី សម្តែងនូវការគាំទ្រ និងជំរុញយុវជនលើការចូលរួមជាមួយកិច្ចការងារស័្មគ្រចិត្ត ដើម្បីពង្រីកទំនាញទន់ និងរឹង ស្របតាមតម្រូវការរបស់ទីផ្សារការងារ


ចេតនានេះ បានរំលេចឡើងក្នុងឱកាសដែល ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជួបជាមួយគណៈគ្រប់គ្រងនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ( ITC) ក្រោមក្រមខណ្ឌក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.)នៃ ស.ស.យ.ក ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាពរបស់សាកលវិទ្យាល័យ និងស្វែងយល់ពីស្ថានភាពនានា ជាពិសេសបន្តពិភាក្សាលើការចូលរួមអភិវឌ្ឍសមត្ថភាពសិស្សនិស្សិតតាមរយៈការងារស្ម័គ្រចិត្ត។

ថ្លែងក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងវិទ្យាស្ថាន ជាពិសេសលើការគិតគួរពីការពង្រឹងជំនាញទន់របស់សិស្សនិស្សិតតាមរយៈ ការចូលរួមធ្វើការងារស័្មគ្រចិត្ត។ ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការគាំទ្រ និងជំរុញឱកាសបន្ថែមសម្រាប់យុវជន ជាពិសេសលើការចូលរួមជាមួយកិច្ចការងារស័្មគ្រចិត្ត ដើម្បីពង្រីកទំនាញទន់ និងពង្រឹងសមត្ថភាពសិស្សនិស្សិតអោយមានភាពសុីសង្វាក់ជាមួយទំនាញរឹងដែលពួកគេកំពុងមាន ស្របតាមតម្រូវការរបស់ទីផ្សារការងារ។

សូមជម្រាបជូនថា ជានិច្ចកាលសហភាពសហព័ន្ធយុវជនកម្ពុជា ក្រៅអំពីការបម្រើនូវឧត្តមប្រយោជន៍ជាច្រើនដល់សង្គមជាតិតាមរយៈបេសកកម្មនានារបស់ខ្លួនហើយ ស្ថាប័នសង្គមមួយនេះ តែងបានជំរុញ លើកទឹកចិត្ត និងបណ្ដុះឆន្ទៈដល់យុវជនជំនាន់ក្រោយ ឱ្យចូលរួមជាមួយគ្នាជាកម្លាំង ក្នុងស្មារតីសាមគ្គីភាព ភាតរភាព ដើម្បីក្លាយជាសសរស្ដម្ភដ៏រឹងមាំសម្រាប់ជាតិ ស្របតាមចក្ខុវិស័យ “យុវជន ដើម្បីបុព្វហេតុជាតិមាតុភូមិ”៕