គណៈកម្មការផ្សះផ្សាក្រោម UNCLOS នឹងរៀបចំកិច្ចប្រជុំរវាងកម្ពុជា-ថៃជាលើកទី៣ នៅទីក្រុងគូឡាឡាំពួ ឆាប់ៗខាងមុខនេះ!
ភ្នំពេញ៖ គណៈកម្មការផ្សះផ្សា ដែលត្រូវបានបង្កើតឡើងក្រោមឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងរៀបចំកិច្ចប្រជុំលើកទី៣ ជាមួយកម្ពុជា និងថៃ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។


យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តុលាការមជ្ឈការអចិន្ត្រៃយ៍ (PCA) បានប្រកាសថា កិច្ចប្រជុំនេះគឺជាជំហានវិជ្ជមានមួយទៀតក្នុងដំណើរការផ្សះផ្សាដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិវាទដែនសមុទ្ររវាងកម្ពុជា និងថៃ។
ផ្អែកលើលទ្ធផលនៃកិច្ចប្រជុំលើកមុន គណៈកម្មការ និងភាគីទាំងពីរនឹងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតជាសំខាន់លើទិដ្ឋភាពបច្ចេកទេស ព្រមទាំងស្វែងរកចំណុចរួម និងការឯកភាពគ្នាបន្ថែមទៀត។
សម្រាប់កិច្ចប្រជុំនេះ គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមចរចា និងឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាតំណាងរងរបស់រាជរដ្ឋាភិបាល ព្រមទាំងមានការចូលរួមពីប្រតិភូកម្ពុជា និងក្រុមការងារផ្នែកច្បាប់។
តាមរយៈដំណើរការផ្សះផ្សានេះ កម្ពុជាមានគោលបំណងឈានទៅដល់ការចុះសន្ធិសញ្ញាជាមួយ ប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ សម្រាប់គ្រប់គោលបំណង រវាងរដ្ឋទាំងពីរ ឬឈានទៅដល់កិច្ច ព្រមព្រៀងស្តីពីការអភិវឌ្ឍរួម និងការបែងចែកធនធាន ដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការព្រមព្រៀងជា ស្ថាពរលើព្រំដែនសមុទ្រ។
ប្រសិនបើជម្រើសទាំងនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍ ស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ ជាមួយគ្នានេះ សភាកម្ពុជាបានបង្ហាញជំហរប្តេជ្ញាចិត្តក្នុងការបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាភិបាល និង ព្រះរាជាណាចក្រថៃ ដើម្បីសម្រេចបាននូវលទ្ធផលមួយនៃភាពយុត្តិធ៌ម និងរក្សាបាន យូរអង្វែង។
ប្រភព៖ ក្រសួងការបរទេស















