ឯកឧត្តម ស សុខា៖ បើគ្មានការលះបង់របស់កងកម្លាំងទេ ប្រជាពលរដ្ឋជាង១៧លាននាក់ ប្រហែលជាមិនអាចដេកលក់ស្កប់ស្កល់ និងមានសន្តិភាពដូចសព្វថ្ងៃនេះឡើយ
ព្រះវិហារ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរ និងអរគុណចំពោះការលះបង់របស់កងកម្លាំងនគរបាលការពារព្រំដែនគោក ដោយគូសបញ្ជាក់ថា ប្រសិនបើគ្មានការខិតខំប្រឹងប្រែង និងការលះបង់របស់កងកម្លាំងទេ ប្រជាពលរដ្ឋជាង១៧លាននាក់ ប្រហែលជាមិនអាចទទួលបានដំណេកលក់ស្កប់ស្កល់ និងជួបជុំគ្នាក្នុងសុខសន្តិភាពដូចពេលបច្ចុប្បន្ននេះឡើយ។



ការលើកឡើងនេះធ្វើឡើងក្នុងឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក ប្រចាំទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ នៅគណៈបញ្ជាការនគរបាលជាតិ ប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិតបានថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះកងកម្លាំងគ្រប់រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ ឯកឧត្តមបានបញ្ជាក់ថា ការលះបង់របស់កងកម្លាំងមិនត្រឹមតែជាការការពារទឹកដីប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកលើកកម្ពស់កិត្តិយស និងមុខមាត់ប្រទេសជាតិផងដែរ។
ជាក់ស្តែង ក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កងកម្លាំងបានបំពេញភារកិច្ចយ៉ាងល្អប្រសើរ ទោះបីត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារក៏ដោយ។ ឯកឧត្តមបានរំលឹកផងដែរថា ក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានលើកឡើងពីវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាល ព្រមទាំងមន្ត្រី និងកងកម្លាំងពាក់ព័ន្ធទាំងអស់ ដែលបានលះបង់ដើម្បីសុខសាន្តរបស់មាតុភូមិ។
ដោយឡែក ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្ថែមថា ការលះបង់របស់កងកម្លាំងគ្រប់រូបស័ក្តិសមនឹងទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីគ្រប់មជ្ឈដ្ឋាន ខណៈថ្នាក់ដឹកនាំតែងយកចិត្តទុកដាក់ និងគិតគូរដល់តម្រូវការចាំបាច់របស់កងកម្លាំងទាំងនៅជួរមុខ និងជួរក្រោយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានផ្តាំផ្ញើឱ្យកងកម្លាំងទាំងបុរស និងនារី បន្តរក្សាស្មារតីសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដើម្បីបុព្វហេតុជាតិ និងប្រជាជន។
ប្រភព៖ ក្រសួងមហាផ្ទៃ

















