សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ កម្ពុជាបានចំណាយថវិកា ១៥លានដុល្លារអាមេរិក !


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាបានចំណាយថវិកាប្រមាណ ១៥លានដុល្លារអាម៉េរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាទើបបានធ្វើជាម្ចាស់ផ្ទះ ដោយសង្កត់ធ្ងន់ថា ការចំណាយនេះត្រូវបានគ្រប់គ្រងយ៉ាងម៉ត់ចត់ និងមានគោលបំណងច្បាស់លាស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលបានកែលម្អ និងសម្ភារបរិក្ខារពេទ្យថ្មី នៅមន្ទីរពេទ្យបង្អែកស្រុកចំនួន ៦១ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកបាធាយ ខេត្តកំពង់ចាម សម្តេចធិបតីបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលនេះបានរួមចំណែកលើកកម្ពស់មុខមាត់កម្ពុជាលើឆាកអន្តរជាតិ និងផ្សព្វផ្សាយមរតកវប្បធម៌ខ្មែរទៅកាន់ពិភពលោក។

សម្តេចធិបតីបានបន្ថែមថា ក្រៅពីអត្ថប្រយោជន៍ផ្នែកកិត្យានុភាពជាតិ កិច្ចប្រជុំនេះក៏បានបង្កើនឱកាសទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។ ជាក់ស្តែង អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានសម្រេចបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដែលជាឱកាសសម្រាប់ពង្រឹងទំនាក់ទំនង និងជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជាជាមួយសមាជិកនៃអង្គការនេះ។

សម្តេចធិបតីបានគូសបញ្ជាក់ថា ការចំណាយថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ មិនមែនជាការចំណាយដោយគ្មានគោលដៅនោះទេ ប៉ុន្តែជាការវិនិយោគលើការផ្សព្វផ្សាយប្រទេស ការលើកកម្ពស់កេរ្តិ៍ឈ្មោះជាតិ និងការបើកច្រកឱកាសថ្មីៗសម្រាប់កម្ពុជា