សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន ពោលគឺមុនពេលអាមេរិក-ថៃ ចុះកិច្ចព្រមព្រៀងរួមនៅហ្វីលីពីនទៅទៀត!


ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រថ្មីនៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅស្រុកបាធាយ ខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ដំណើរការចរចារវាងកម្ពុជា និងសហរដ្ឋអាម៉េរិកមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែបានចាប់ផ្តើមតាំងពីមួយឆ្នាំមុនមកម្ល៉េះ។

ការបញ្ជាក់នេះធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងចម្ងល់របស់ប្រជាពលរដ្ឋមួយចំនួន ជុំវិញការចុះកិច្ចព្រមព្រៀងរួមរវាងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ស្តីពីការបញ្ចប់ជាសារវន្តនៃការចរចាពាណិជ្ជកម្មទៅវិញទៅមក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា កម្ពុជា និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី និងបើកឱកាសកាន់តែទូលំទូលាយដល់អ្នកនាំចេញនៃប្រទេសទាំងពីរក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក។ ចំណែកការចុះសេចក្តីថ្លែងការណ៍រួមរវាងអាម៉េរិកនិងថៃកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ គឺជាការប្រកាសពីវឌ្ឍនភាពនៃការចរចា ខណៈការបញ្ចប់កិច្ចព្រមព្រៀងផ្លូវការត្រូវបន្តតាមនីតិវិធីពាក់ព័ន្ធ។