ឯកឧត្តម ហ៊ុន ម៉ានី៖ «ទោះបីយើងរស់នៅសុខសាន្តក្នុងសន្តិភាព តែយើងមិនអាចបំភ្លេចសោកនាដកម្ម ដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នោះដែរ»
នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា អមដំណើរដោយឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំសមាជិក សមាជិកា ចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់ជីវិត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
![](https://media.brandbodia.com/wp-content/uploads/2023/01/IMG_1162-1024x682.jpg)
![](https://media.brandbodia.com/wp-content/uploads/2023/01/IMG_1163-1024x682.jpg)
ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនាព្រឹកនេះ គណៈប្រតិភូ និងសមាជិក សមាជិកា បានអញ្ជើញដាក់កម្រងផ្កា និងរៀបចំពិធីសាសនា ដើម្បីឧទ្ធិសកុសល និងផ្សាយមេត្តាធម៌ដល់វិញ្ញាក្ខន្ធអ្នកដែលបានចែកឋានផងដែរ។
![](https://media.brandbodia.com/wp-content/uploads/2023/01/IMG_1164-1024x682.jpg)
ក្នុងស្មារតីនៃការចងចាំ និងភាពឈឺចាប់ក្នុងអតីតកាលនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរំលឹកឡើងតាមរយៈគេហទំព័រផ្ទាល់របស់ឯកឧត្តមថា ទោះបីយើងរស់នៅសុខសាន្តក្នុងសន្តិភាព ភាពសំបូរសប្បាយនាពេលបច្ចុប្បន្ន តែយើងមិនអាចបំភ្លេច ហើយនឹងមិនបំភ្លេចអ្វី ដែលជាសោកនាដកម្ម និងដែលប្រទេសជាតិដ៏កំសត់របស់យើងបានឆ្លងកាត់នោះដែរ។ ឯកឧត្តម បានបន្តថា មេរៀននេះបានឆ្លុះបញ្ចាំងអំពីស្មារតីនៃក្ដីសង្ឃឹមមួយ ដែលបានប្រែក្លាយទៅជាកម្លាំងដ៏មហិមាក្នុងការផ្ដួលរលំរបបប្រល័យពូជសាសន៍ រហូតបានជ័យជម្នះក្នុងថ្ងៃ៧ មករា ១៩៧៩។
![](https://media.brandbodia.com/wp-content/uploads/2023/01/IMG_1165-1024x682.jpg)
គួរបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា តែងយកឱកាសមុនការប្រារព្ធទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍នេះ ដើម្បីជាការរំឭកដល់សោកនាដកម្ម និងវិនាសកម្មដ៏អាក្រក់ដែលប្រជាជនកម្ពុជារាប់លាននាក់បានឆ្លងកាត់នៅក្នុងរយៈ ៣ ឆ្នាំ ៨ខែ និង២០ ថ្ងៃ ដោយមិនអាចបំភ្លេចបាន៕
ប្រភព៖ Hun Many