ក្រសួងកសិកម្ម នឹងរៀបចំពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) រយៈពេល ៣ថ្ងៃ ដើម្បីទាក់ទាញការវិនិយោគ និងជំរុញនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា


ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននានា នឹងរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងសន្និសីទសារព័ត៌មាន បានថ្លែងថាព្រឹត្តិការណ៍ CAFE26 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យកសិស្បៀងអាហារនៅកម្ពុជា។ រដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកឡើងថា យោងលើភាពជោគជ័យនៃការរៀបចំលើកទីមួយនៃព្រឹត្តិការណ៍ CAFE25 វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នឹងរួមបញ្ចូលវេទិកាវិនិយោគកសិកម្មរយៈពេលពីរថ្ងៃ នៅថ្ងៃទី២៣-២៤ ខែតុលា, វេទិកានវានុវត្តន៍សម្រាប់យុវជន និងវេទិកាចែករំលែកចំណេះដឹងសម្រាប់សហគមន៍កសិកម្ម នៅថ្ងៃទី២៥ ខែតុលា និងពិព័រណ៍កសិកម្មរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា។ ព្រឹត្តិការណ៍នេះ រំពឹងថា នឹងមានស្តង់ពិព័រណ៍ជាង ៤០០កន្លែង ទាក់ទាញអ្នកចូលរួមទស្សនាប្រមាណ ២៥ ០០០នាក់ និងកសិករជាង ២ ០០០នាក់។

ដោយឡែក រដ្ឋលេខាធិការក្រសួងកសិកម្ម បានបញ្ជាក់បន្ថែមថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារ ដែលមានទំហំ និងវិសាលភាពធំបំផុតមួយនៅព្រះរាជាណាចក្រកម្ពុជា។ លក្ខណៈពិសេសរបស់ CAFE គឺការប្រមូលផ្តុំគ្រប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីកសិស្បៀងអាហារទាំងមូលមកជួបជុំគ្នានៅលើថ្នាលតែមួយ។ CAFE រួមបញ្ចូល កិច្ចសន្ទនាគោលនយោបាយ ការជំរុញវិនិយោគ ការផ្គូផ្គងអាជីវកម្ម ការបង្ហាញ និងសាកល្បងបច្ចេកវិទ្យា ការផ្លាស់ប្តូរចំណេះដឹង និង ពិព័រណ៍កសិកម្មទ្រង់ទ្រាយធំ ដើម្បីឱ្យអ្នកចូលរួមពិភាក្សាអំពីបញ្ហាប្រឈម ឱកាស និងការតភ្ជាប់ទំនាក់ទំនងដោយ ផ្ទាល់ ក៏ដូចជាស្វែងរកដំណោះស្រាយ និងបង្កើតភាពជាដៃគូអាជីវកម្ម និងវិនិយោគជាក់ស្តែង។

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ