កម្ពុជា ជាប្រទេសទី២នៅអាស៊ីអាគ្នេយ៍ដែលសម្រេចបានលទ្ធផលចរចាលើកិច្ចព្រមព្រៀងពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក!
នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំក្រុមការងារចំពោះកិច្ចជួបប្រជុំ ទ្វេភាគីតាមប្រព័ន្ធវីដេអូ ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកជំទាវ Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។


ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិនិត្យ និងឯកភាពគ្នាលើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌរវាងសហរដ្ឋអាម៉េរិក និងកម្ពុជាលើពន្ធគយបដិការ ដែលនឹងផ្សព្វផ្សាយជាសាធារណៈ នាពេលដ៏ខ្លីខាងមុខ។
រាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនឹងបន្តធ្វើកិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត។
គួរបញ្ជាក់ថា លោក ត្រាំ បានប្រកាសដាក់ចេញពន្ធគយទៅវិញទៅមក កាលពីដើមខែមេសា ដោយកំណត់ឱ្យចូលជាធរមាននៅថ្ងៃទី៩ ខែដដែលនោះ ប៉ុន្តែក្រោយមកលោកបានសម្រេចចិត្តធ្វើការពន្យារពេលវិញ រហូតដល់ទៅ ៩០ថ្ងៃ ដើម្បីទុកពេលសម្រាប់ការចរចា។ ក្នុងនោះ វៀតណាមជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលសម្រេចបានលទ្ធផលចរចា ដោយសហរដ្ឋអាមេរិក បានសម្រេចដាក់ពន្ធទាបជាងការសន្យា ពោលគឺមកនៅត្រឹម ២០% លើទំនិញជាច្រើនរបស់ប្រទេសវៀតណាម មុនពេលផែនការពន្ធគយទៅវិញទៅមករបស់ប្រធានាធិបតីអាមេរិក ត្រឡប់មកវិញសារជាថ្មី៕