សកម្មភាពមនុស្សធម៌ឯកឧត្តម ហ៊ុន ម៉ានី បន្តផ្ដល់ក្ដីសង្ឃឹមដ៏កក់ក្ដៅដល់ក្រុមកុមារទុរគ៌តជាច្រើននាក់


ដោយ៖ ផាត់ គឹមឆែ

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា តែងបានធ្វើសកម្មភាពមនុស្សធម៌ ដោយយកចិត្តទុកដាក់ ដល់ក្រុមកុមារអនាថាដែលខ្វះទីជម្រក និង ឱ្យទទួលបានការយកចិត្តទុកដាក់ បានសិក្សារៀនសូត្រ ព្រមទាំងផ្ដល់ភាពកក់ក្ដៅដល់ក្មេងកំព្រា និងក្រខ្សត់ទាំងឡាយ តាមរយៈការផ្ដល់អំណោយដោយផ្ទាល់ ក៏ដូចជាតាមរយៈអង្គការនានា ក្នុងនោះមានអង្គការផ្ទះបាយកុមារជាដើម។

កាលពីព្រឹកថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខលោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ ព្រមទាំងក្រុមការងារសម្របសម្រួលនៅអង្គការផ្ទះបាយកុមារ។ ជាក់ស្ដែង មុនពេលការរីករាលដាលជំងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជាតែងតែបានរៀបចំកម្មវិធីជួបជុំ និងធ្វើខួបកំណើតឱ្យប្អូនៗកុមារខ្វះខាតជារៀងរាល់ឆ្នាំ។ តែដោយសារបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំរីករាយជាមួយប្អូនៗកុមារត្រូវបានអាក់ខាន ប៉ុន្តែឯកឧត្តមប្រធាន តែងបានផ្ញើសេចក្ដីនឹករលឹក និងការឧបត្ថម្ភជាសម្ភារៈជាបន្តបន្ទាប់។

កុមារទាំងនោះ អ្នកខ្លះរស់នៅនឹងគំនរសំរាម រើសអេតចាយ រស់នៅតាមចិញ្ចើមថ្នល់ គ្មានទីជម្រកសមរម្យ និងកង្វះអាហារូបត្ថម្ភសម្រាប់ទ្រទ្រង់សារពាង្គកាយ។ តាមរយៈអង្គការផ្ទះបាយកុមារ គឺផ្ដល់ឱ្យក្មេងៗខ្សត់ខ្សោយទាំងនោះនូវគ្រឿងបរិភោគមួយចំនួន ផ្ដល់នូវការកម្សាន្ត​ និងណែនាំអប់រំឱ្យពួកគេក្លាយទៅជាមនុស្សល្អក្នុងសង្គមចៀសពីអំពើអបាយមុខ។ សកម្មភាពមនុស្សធម៌ទាំងនេះ ហាក់ដូចជាពន្លឺក្នុងការជួយបំភ្លឺអនាគតក្រុមកុមារទាំងនោះ សម្រាលការលំបាកក្នុងភាពជាទុគ៌តជន និងផ្លូវជីវិតដ៏វែងឆ្ងាយរបស់ពួកគេ។

គួរបញ្ជាក់ថា អង្គការផ្ទះបាយកុមារ ត្រូវបានបង្កើតឡើងនៅថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ២០១០ដោយមានការអនុញ្ញាតពីក្រសួងមហាផ្ទៃ មានលោក ង៉ូវ ឈីវ ជាប្រធានអង្គការ លោក YVES. JACQUIN ជនជាតិបារាំងជាអនុប្រធាន និងមានអង្គការ WAC Italy ជាអ្នកជួយឧបត្ថម្ភ។ ក្រៅពីនេះ ជំនួយផ្សេងៗបានមកពីការទ្រទ្រង់សប្បុរសជនានា ក្នុងនោះជារឿយៗឯកឧត្តម ហ៊ុន ម៉ានី មានកាកបាទក្រហមកម្ពុជា តែងបានផ្ដល់ការឧបត្ថម្ភ និងអំពាវនាវដល់សប្បុរសជនទាំងឡាយសម្រាប់ការជួយដល់កុមារទាំងនោះ ហើយក៏ជាចំណែកមួយក្នុងការជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕

កែសម្រួលដោយ៖ BRANDMEDIA