មនុស្ស ១៣នាក់ បានស្លាប់ និងរងរបួសធ្ងន់ជាច្រើននាក់ ដោយសារគ្រោះមហន្តរាយ រញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ នៅជប៉ុន


ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៧.១ រ៉ិចទ័រ ដែលបានវាយប្រហារកោះ kyushu របស់ជប៉ុនកាលពីរសៀលថ្ងៃអង្គារ ទី ២៨ ខែ កក្កដា គិតត្រឹមព្រឹកថ្ងៃ ពុធ នេះបានវាយប្រហារខ្លាំងជាងគេតំបន់គុម៉ាម៉ូតូ (Kumamoto) ភាគនិរតីប្រទេសជប៉ុន បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់ ១៣នាក់ និងរងរបួសធ្ងន់ជាច្រើននាក់។

គ្រោះធម្មជាតិនេះ បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ រួមមានការបាក់រលំអគារផ្សារទំនើប Aeon ក្នុងទីក្រុង Kashima ដែលរងការផ្ទុះហ្គាសក្រោយពេលរញ្ជួយ និងការខូចខាតរោងចក្រក្រដាស Nippon Paper Industries ក្នុងទីក្រុង Yatsushiro មនុស្សជាច្រើនទៀតបន្តជាប់គាំងក្នងអគាររងគ្រោះ និងបន្តបាត់ខ្លួនជាច្រើននាក់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ជប៉ុន កម្លាំងរញ្ជួយដីដែលមានជម្រៅ ១០គីឡូម៉ែត្រនេះ បានបង្កឱ្យមានអគ្គិភ័យឆេះ បាក់រលំស្ពាន ផ្លូវថ្នល់ និងធ្វើឱ្យរថភ្លើងទំនិញក្រឡាប់ ព្រមទាំងបំផ្លាញកំផែងប្រាសាទគុម៉ាម៉ូតូអាយុកាល ៤០០ឆ្នាំរបស់ជប៉ុន។

ដោយឡែក រដ្ឋាភិបាលជប៉ុនបានបញ្ជូនកងទ័ពសង្គ្រោះបន្ទាន់ចំនួន ៣,៦០០នាក់ និងយន្តហោះចំនួន ២០គ្រឿង ដើម្បីចុះជួយប្រតិបត្តិការរុករកជនរងគ្រោះ និងវាយតម្លៃការខូចខាត ក្នុងនោះសេវាដឹកជញ្ជូនសាធារណៈ រួមទាំងរថភ្លើងល្បឿនលឿន និងអាកាសយានដ្ឋានក្នុងតំបន់ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្ន។

យ៉ាងណាមិញ ហេតុការណ៍ដ៏រន្ធត់នេះបានធ្វើឱ្យប្រជាជនជប៉ុននឹកឃើញឡើងវិញនូវវិបត្តិគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដ៏ធំកម្រិត ៩.០ កាលពីឆ្នាំ២០១១ ដែលបានសម្លាប់ និងធ្វើឱ្យបាត់បង់ជីវិតមនុស្សជិត ១៨,៥០០នាក់ ព្រមទាំងបង្កវិនាសកម្មធ្ងន់ធ្ងរនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៉ីម៉ា៕

ប្រភព៖ Reuters